ព័ត៌មានអន្តរជាតិ

ផ្ទុះភ្នំភ្លើងនៅកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ី ខណៈគ្រោះមហន្តរាយនាពេលថ្មីៗ មិនទាន់បាត់ក្ដៅផង!

ឥណ្ឌូនេស៊ីៈ ភ្នំភ្លើងមួយនៅកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងនៅព្រឹកថ្ងៃពុធនេះ ដែលវាបានកើតទ្បើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកោះមួយនេះ ត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។

ភ្នំភ្លើង Soputan បានព្រួសចេញកម្អែលផេះ មានកម្ពស់រហូតដល់ ៤,០០០ ម៉ែត្រពីរណ្ដៅភ្នំភ្លើង ដែលជំរុញឲ្យភ្នាក់ងារគ្រោះមហន្តរាយ ព្រមានមនុស្សម្នាឲ្យស្នាក់នៅឆ្ងាយពីទីនោះ យ៉ាងហោចណាស់ ៤ គីឡូម៉ែត្រ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បាននិយាយថា ស្ថានការណ៍នៅពេលនេះ គឺមិនចាំបាច់ធ្វើការជម្លៀសប្រជាជនចេញនោះទេ។

ខណៈមកទល់ពេលនេះ ក៏មិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬរងរបួស និងការខូចខាតណាមួយទេ ស្របពេលដែលផេះភ្នំភ្លើងនេះ ត្រូវបានគេរំពឹងថា នឹងមិនបង្កការរំខានដល់ជើងហោះហើរនោះទេ។

សូមជំរាបថា ភ្នំ Soputan មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រពីភាគឦសាននៃទីក្រុង Palu ដែលត្រូវបានបំផ្លិចបំផ្លាញ​ដោយការរញ្ជួយដី និងរលកស៊ូណាមី កាលពីថ្ងៃសុក្រ៕

មតិយោបល់