ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ ដោះស្រាយបញ្ហាមិនប្រក្រតី និងទប់ស្កាត់ទាន់ពេលវេលា នូវទំនិញប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ មិនទុកឱកាសឲ្យឈ្មួញ ឬអាជីវករមួយចំនួនដែលតែងតែប្រព្រឹត្តល្មើស នឹងការណែនាំរបស់មន្ត្រីជំនាញ និងអាចកាត់បន្ថយការព្រួយបារម្ភរបស់អ្នកទទួលទាន និងប្រើប្រាស់ផលិតផល អគ្គនាយកដ្ឋានកាំកុងត្រូល បានរៀបចំមន្ត្រីជំនាញ ដែលមានបទពិសោធន៍ឯកទេសជាក់លាក់ ចុះប្រតិបត្តិការនិងប្រចាំការតាមទីផ្សារគោលដៅសំខាន់ៗ ចំនួន ០៨ ក្នុងរាជធានីភ្នំពេញ គឺ៖ ផ្សារធំថ្មី, ផ្សារអូឬស្សី, ផ្សារដើមគរ, ផ្សារទួលទំពូង, ផ្សារស្ទឹងមានជ័យ, ផ្សារជម្ពូវ័ន្ត, ផ្សារសេនជូរីផ្លាសា និងផ្សារច្បារអំពៅ ដើម្បីត្រៀមអន្តរាគមន៍ឆ្លើយតបបន្ទាន់ចំពោះហេតុការណ៍ចាំបាច់ ដោះស្រាយបញ្ហា ឬបាតុភាពជាយថាហេតុណាមួយរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់ការអប់រំលើកកម្ពស់ការយល់ដឹង ជូនអ្នកប្រើប្រាស់ អាជីវករ អ្នកលក់ដូរ អំពីបញ្ហាគុណភាព សុវត្ថិភាពផលិតផលទំនិញ។
ជាពិសេសផលិតផលម្ហូបអាហារ ដែលក្នុងនោះមន្ត្រីជំនាញ អនុវត្តការងារដោយប្រើប្រាស់ឧបករណ៍សម្ភារៈពិសោធន៍វិភាគបឋម ឧបករណ៍ខ្នាតរង្វាស់រង្វាល់ និងឧបករណ៍ បច្ចេកទេសចាំបាច់នានា ផ្ទាំង និងខិតប័ណ្ណឃោសនាអប់រំ ធានាធ្វើយ៉ាងណាផ្តល់ភាពសុក្រិត តម្លាភាព យុត្តិធម៌ សម្រាប់ជាប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ។ កិច្ចការនេះ នឹងឈានទៅរៀបចំនៅតាមបណ្តាផ្សារគោលដៅសំខាន់ ៗ តាមបណ្តាខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ ៗ ខាងមុខ ។
ដូចនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ សូមទំនាក់ទំនងផ្ទាល់ជាមួយមន្រ្តីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលកំពុងប្រតិបត្តិការនៅតាមបណ្តាផ្សារខាងលើ ៕
មតិយោបល់