ព័ត៌មានអន្តរជាតិ

តុលាការអន្តរជាតិ ចេញដីកាបណ្តោះអាសន្ន ទៅកាន់អាមេរិកឲ្យដកទណ្ឌកម្មមួយចំនួនលើអ៊ីរ៉ង់

UN: តុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានចេញដីកាបណ្តោះអាសន្ន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីលុបចោលនូវការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធនឹងទំនិញមនុស្សធម៌ និងអាកាសចរណ៍ស៊ីវិល ដែលជាដំណោះស្រាយមួយ ត្រូវបានទទួលស្វាគមន៍ ដោយក្រុងតេអេរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បាននិយាយនៅក្នុងសេចក្តីសម្រេចរបស់ខ្លួន កាលពីថ្ងៃពុធថា «ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌ អាមេរិកត្រូវតែលុបបំបាត់រាល់ឧបសគ្គទាំងឡាយណា ដែលរារាំងដល់ការនាំចេញ ដោយសេរីទៅកាន់ប្រទេសអ៊ីរ៉ង់ នូវទំនិញពាក់ព័ន្ធនឹងបញ្ហាមនុស្សធម៌»។

សេចក្តីសម្រេចរបស់តុលាការនេះ ឃើញថាបើទោះបីជាត្រូវបានប្រកាសបែបនេះក៏ពិតមែន ប៉ុន្តែវាហាក់បីដូចជាគ្មានអំណាច ដើម្បីពង្រឹងការអនុវត្តវាទ្បើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការសម្រេចចិត្តនេះ បានបង្ហាញជាថ្មីម្តងទៀតថា សាធារណរដ្ឋអ៊ីស្លាម គឺត្រឹមត្រូវ ហើយការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងមនុស្សជាតិ និងប្រជាជនអ៊ីរ៉ង់ គឺជាទង្វើខុសច្បាប់ និងឃោរឃៅបំផុត»៕

មតិយោបល់