ព័ត៌មានជាតិ

បែនដឹក​ដី​ភ្លេច​ទម្លាក់​បែន ទាក់ខ្សែភ្លើងទុស្សេ ផ្អើល​ពលរដ្ឋ​ពេញ​ភូមិ​

ភ្នំពេញៈ ​រថយន្ត​ដឹក​ដី​មួយគ្រឿង​​ភ្លេច​ទម្លាក់​បែន​ចុះ​ក្រោម​វិញ​បានបើកទៅ​ទាក់​ខ្សែភ្លើង បណ្តាល​ឲ្យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ ផ្អើល​ប្រជាពលរដ្ឋ​ពេញ​ភូមិ ដែលហេតុការណ៍ កើតទ្បើងនៅវេ​ល​ម៉ោង​៧ និង១០នាទី​យប់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​បេតុង ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

រថយន្ត​ខាងលើ​ជា​ប្រភេទ​រថយន្ត​បែនដឹក​ដី ពណ៌​ខៀវ​លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D -4361 បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ​បាន​ឲ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដី​ខាងលើ ​បើកបរ​ដោយ​យុវជន​ម្នាក់ និងមាន​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ​បាន​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ​ក្នុង​ល្បឿន​លឿន ដោយ​មិន​បាន​ទម្លាក់​បែន​ចុះ​ក្រោម​​នោះ​ទេ ទើបធ្វើឲ្យ​រថយន្ត​បើក​ទាក់​ខ្សែភ្លើង​ដែល​កាត់​ទទឹង​ផ្លូវ បណ្តាល​ឲ្យ​ដាច់​ធ្លាក់​ខ្សែភ្លើង​ចុះ​រាយ​ប៉ាយ​ពេញ​ផ្លូវ និងទុ​សេ្ស​ខ្សែភ្លើង​លាន់ឮ​ដូច​កាំជ្រួច​​។

ប្រភព​ដដែល​បាន​បន្ថែម​ថា ភ្លាមៗផងដែរ ​ប្រជាពលរដ្ឋនៅទីតាំងកើតហេតុ ​បាន​យកបំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ផង​ដែរ​ ហើយបាន​ទាក់ទង​ទៅសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មកភ្លាមៗ ដោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ទាក់ទង​ទៅ​អគ្គិសនី​កម្ពុជា ដើម្បី​បិទ​ភ្លើង​ ចំណែកឯ​រថយន្ត​ដឹក​ដី​មិន​បាន​បើក​គេច​ឡើយ។

បើ​តាម​សម្តីបុគ្គលិក​អគ្គិសនី​កម្ពុជា ​បាន​និយាយ​​ថា ករណី​ដាច់​ខ្សែភ្លើង​បណ្ដាលឲ្យឆេះ​អស់​ចំនួន​១​ដេ​ប៉ា ស្មើនឹង​៤​ខ្សែ​ធំ​ៗ​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ខាងលើ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ការិយាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ យក​ទៅ​រក្សា​ទុកនៅប៉ុស្ដិ៍ ដើម្បីរង់ចាំ​ការ​ដោះស្រាយ​ពេលក្រោយ ចំណែក​ឯខាង​អគ្គិសនី​កម្ពុជា ព្យាយាម​ត​ភ្ជាប់​ចរន្ត​ឡើង​វិញ​ទាំង​យប់ផង​ដែរ៕

មតិយោបល់