Post News Media ព័ត៌មានអន្តរជាតិ លោកពូទីន មកដល...

លោកពូទីន មកដល់ប្រទេសឥណ្ឌា ដើម្បីកិច្ចព្រៀមព្រៀងលក់អាវុធ ដែលមានតម្លៃរាប់ពាន់លានដុល្លារ

ឥណ្ឌា: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានមកដល់ប្រទេសឥណ្ឌាហើយ សម្រាប់ដំណើរទស្សនកិច្ចរយ:ពេលពីរថ្ងៃ ក្នុងអំឡុងពេលដែលក្រុងម៉ូស្គូ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញ-លក់អាវុធ ដែលមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារ ទោះបីជាមានការគំរាមកំហែង ដាក់ទណ្ឌកម្មពីអាមេរិកក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កាលពីលល្ងាចថ្ងៃព្រហស្បតិ៍ បានទទួលស្វាគមន៍លោកពូទីន នៅរដ្ឋធានីញូវដេលី ហើយមេដឹកនាំទាំងពីរ ក៏បានធ្វើដំណើរទៅចូលរួមអាហារពេលល្ងាចក្រៅផ្លូវការមួយ ជាមួយគ្នាផងដែរ។

កិច្ចចរចាជាផ្លូវការ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ ដែលមានកិច្ចព្រមព្រៀងទ្វេភាគីចំនួនជិត ២០ នឹងត្រូវបានចុះហត្ថលេខា ក្នុងនោះរួមមានទាំងវិស័យការពារជាតិ ថាមពលនុយក្លេអ៊ែរ ការរុករកអវកាស និងផ្នែកសេដ្ឋកិច្ចជាដើមផងដែរ។

វិមានក្រឹមឡាំង បាននិយាយថា «ស្នូលសំខាន់ នៃកិច្ចព្រមព្រៀង ជាមួយឥណ្ឌា នឹងត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ប្រព័ន្ធការពារអាកាស S-400 ក្នុងទំហំទឹកប្រាក់ ៥ ពាន់លានដុល្លារ បើទោះបីជាច្បាប់របស់អាមេរិក នឹងដាក់ទណ្ឌកម្មប្រទេសណា ដែលធ្វើពាណិជ្ជកម្ម ជាមួយវិស័យការពារជាតិ និងការស៊ើបការណ៍របស់រុស្ស៊ីក៏ដោយ៕

Loading...