ហុងគ្រីៈ រដ្ឋាភិបាលនៃប្រទហុងគ្រី បានបញ្ជាឲ្យកុងស៊ុលរបស់អ៊ុយក្រែន ចាកចេញពីប្រទេសខ្លួន ដោយទុករយៈពេលត្រឹម ៧២ ម៉ោង ចំពេលដែលមានជម្លោះផ្នែកការទូតកើនឡើង ទៅលើច្បាប់ភាសា ដែលស្នើឡើងរបស់អ៊ុយក្រែន និងការចេញលិខិតឆ្លងដែនរបស់ហុងគ្រី ទៅកាន់ជនជាតិហុងគ្រីនៅអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៨។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំទីក្រុងប៊ូដាប៉េស ត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រាប់ថា កុងស៊ុលម្នាក់ ដែលកំពុងធ្វើការនៅឯស្ថានទូតអ៊ុយក្រែន ក្នុងទីក្រុងប៊ូដាប៉េស ត្រូវតែចាកចេញពីប្រទេសហុងគ្រី ក្នុងរយៈពេល ៧២ ម៉ោង នេះបើយោងតាមលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី បានបញ្ជាក់នៅឯសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃព្រហស្បតិ៍។
ការផ្លាស់ប្តូរនេះ បានកើតឡើងបន្ទាប់ពីអ៊ុយក្រែន បានប្រកាសថាកុងស៊ុលហុងគ្រី នៅទីក្រុង Berehove ដែលជាទីក្រុងមួយ ស្ថិតនៅភាគខាងលិចក្បែរព្រំដែន ជាមួយប្រទេសហុងគ្រីថា ជាបុគ្គលមិនគួរឲ្យចង់ជួប ឬទទួលស្វាគមន៍ សម្រាប់វត្តមាននៅក្នុងប្រទេសពួកគេទ្បើយ ហើយថែមទាំងបានបញ្ជាឲ្យកុងស៊ុលនោះ ចាកចេញពីអ៊ុយក្រែន ក្នុងរយៈពេល ៧២ ម៉ោង កាលពីព្រឹកថ្ងៃព្រហស្បតិ៍៕

មតិយោបល់