ព័ត៌មានអន្តរជាតិ

គ្រឿងញៀនគិតជាទឹកប្រាក់ ៧១ លានដុល្លារអាមេរិក ត្រូវបានរឹបអូសនៅក្នុងប្រទេសថៃ

ថៃៈ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃច័ន្ទថា ប៉ូលិសថៃ បានរឹបអូសយកថ្នាំញៀន មេតំហ្វេតាមីនច្រើនជាង ២២ លានគ្រាប់ នៅភាគខាងជើងខេត្តឈៀងរ៉ៃ ក្បែរព្រំដែនជាមួយមីយ៉ាន់ម៉ា ដែលវាជាការបង្ក្រាបគ្រឿងញៀនចុងក្រោយដ៏ធំបំផុត នៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

ប្រភពពីប៉ូលិសបាននិយាយថា ថ្នាំញៀនជាង ១២.២ លានគ្រាប់ ដែលត្រូវបានគេស្គាល់ថា «យ៉ាបា» ឬ «ថ្នាំឆ្កួត» ត្រូវបានរឹបអូសកាលពីថ្ងៃសៅរ៍ និង ១០ លានគ្រាប់ទៀត បានរឹបអូសកាលពីថ្ងៃអាទិត្យ។

ដោយផ្អែកលើការប៉ាន់ស្មាន បានឲ្យដឹងថា ថ្នាំគ្រាប់ទាំងនេះ អាចមានតម្លៃប្រហែល ២.៣៥ ពាន់លានបាត ស្មើនឹង ៧១ លានដុល្លារអាមេរិក។

ការិយាល័យបង្ក្រាបគ្រឿងញៀន បានបង្ហាញឲ្យដឹងថា គ្រឿងញៀនទាំងនេះ ត្រូវបានដឹកជញ្ជូនយ៉ាងប្រុងប្រយ័ត្ន ដោយការខ្ចប់ចូលទៅក្នុងថង់ជី ដែលមានផ្ទុក ៤០០,០០០ គ្រាប់ រួមជាមួយនឹងថ្នាំញៀន ៧ ករណីផ្សេងទៀត ដែលត្រូវបានរឹបអូស ក្នុងរយៈពេលពីរសប្តាហ៍កន្លងមក។

ប្រភពដដែលបានបន្តថា ជនសង្ស័យចំនួន ១៣ នាក់ ត្រូវបានគេចាប់ខ្លួនពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃសៅរ៍៕

មតិយោបល់