ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់

អាមេរិកៈ អ្នកនាំពាក្យយោធាមួយរូប បាននិយាយថា នាវាចម្បាំងពីរគ្រឿងរបស់អាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ កាលពីថ្ងៃច័ន្ទ ដែលជាការផ្លាស់ប្ដូរមួយ ធ្វើឲ្យចិនកាន់តែក្រោធខឹង ចំពេលមានភាពតានតឹង ជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ លោកវរសេនីយ៍ឯក Rob Manning បានប្រាប់ឲ្យដឹងថា នាវាចម្បាំង USS Curtis Wilbur និង USS Antietam បានធ្វើដំណើរឆ្លងកាត់ទីនោះជាទៀងទាត់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិក ទៅកាន់តំបន់ឥណ្ឌូចិន សម្រាប់ការបើកចំហ និងសេរីភាពនៃការធ្វើនាវាចរណ៍។

វាជាលើកទី២ហើយ ក្នុងរយៈពេល ៣ ខែកន្លងមកនេះ សម្រាប់នាវាចម្បាំងអាមេរិក បានធ្វើការហ្វឹកហ្វឺន ដែលគេហៅថា សេរីភាពនៃការធ្វើនាវាចរណ៍ លាតសន្ធឹងនៅក្នុងដែនទឹកចម្ងាយ ១៨០គីឡូម៉ែត្រ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ដ្រីការពារជាតិ បានប្រាប់ទូរទស្សន៍ CNN ថា នាវាចម្បាំងចិនជាច្រើនគ្រឿង បានដេញតាមយ៉ាងប្រកិត ទៅនឹងនាវាអាមេរិកពីរគ្រឿង ក្នុងអំឡុងពេលឆ្លងកាត់នេះ៕

មតិយោបល់