ព័ត៌មានអន្តរជាតិ

ជាង ៦០០ នាក់ត្រូវសម្លាប់ក្នុងអំពើហិង្សា និងជម្លោះប្រដាប់អាវុធ នៅប្រទេសអ៊ីរ៉ាក់

អ៊ីរ៉ាក់ៈ អ្នកនាំពាក្យអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ជនជាតិអ៊ីរ៉ាក់សរុបចំនួន ៦៦២ នាក់ ត្រូវបានស្លាប់ និង ១.៤៥៧ នាក់ទៀតទទួលរងរបួស ក្នុងអំពើហិង្សា អំពើភេរវកម្ម និងជម្លោះប្រដាប់អាវុធ នៅប្រទេសអ៊ីរ៉ាក់កាលពីខែមិថុនា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាញនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

លោក Stephane Dujarric បានឲ្យដឹងនៅឯសន្និសីទកាសែតប្រចាំថ្ងៃមួយថា តួលេខទាំងនោះ ក៏រួមមានជនស៊ីវិល ៣៨២ នាក់ស្លាប់ និង ១.១៤៥នាក់ទៀតបានរងរបួស នេះដោយលើកឡើង ពីតួលេខអ្នកស្លាប់ បន្ទាប់ពីបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិ សម្រាប់អ៊ីរ៉ាក់ (UNAMI) ។

តួលេខអ្នកស្លាប់សរុប បានធ្លាក់ចុះជាងខែឧសភាមុន ប៉ុន្តែតួលេខអ្នកស្លាប់សម្រាប់ខែមិថុនា ទំនងជានឹងកើនឡើងដោយសារតែការប្រយុទ្ធ ដើម្បីរំដោះតំបន់ Fallujah នៅក្នុងខេត្ត Anbar នេះបើតាមរបាយការណ៍របស់ UNAMI ។

តំណាងពិសេសនៃអគ្គលេខាធិការ UN សម្រាប់ប្រទេសអ៊ីរ៉ាក់លោក Jan Kubis បានឲ្យដឹងថា ទោះបីជាក្តីសង្ឃឹមថា នឹងមានភាពស្ងប់ស្ងាត់ អំទ្បុងពិធីបុណ្យរ៉ាម៉ាដាន ប៉ុន្តែជាអកុសលអំពើហិង្សានេះ នៅតែកើតបន្ត ដោយបានកើនទ្បើងទៅលើជនស៊ីវិលរបស់ខ្លួន។

លោកបានកត់សម្គាល់ថា ភេរវករពុំទុកឱកាសម្ដងនោះទ្បើយ សូម្បីតែការវាប្រហារនៅទីផ្សារ វិហារ និងតំបន់ដែលជាកន្លែងមានមនុស្សប្រមូលផ្តុំគ្នា ក្នុងគោលបំណង ដើម្បីឲ្យមានអ្នកស្លាប់ និងរងរបួសច្រើន ក្នុងចំណោមជនស៊ីវិល ដែលនេះជាទង្វើ ”មិនគោរពទាំងស្រុងចំពោះតម្លៃនៃសាសនាអ៊ីស្លាម”៕

មតិយោបល់