កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា រដ្ឋាភិបាភិបាលក្រុងព្យុងយ៉ាង បានចោទប្រកាន់ប្រធានាធិបតីចាំផ្ទះ កូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តីលោក Hwang Kyo-ahn ថា កំពុងព្យាយាមរក្សា គោលនយោបាយដឹកនាំប្រទេសដដែល ដោយនៅតែបន្តឲ្យពួកអភិរក្សនិយមទ្បើងកាន់អំណាច ដែលនឹងបង្កការគំរាមកំហែង និងជម្លោះរវាងប្រទេសទាំងពីរកាន់ខ្លាំងទ្បើង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។
ទីភ្នាក់ងារកណ្តាលកូរ៉េ (KCNA) បានដកស្រង់សម្តីអ្នកនាំពាក្យគណៈកម្មាធិការនៃនាយកដ្ឋានគោលនយោបាយ សម្រាប់ការបង្រួបបង្រួមសន្តិភាពរបស់កូរ៉េខាងជើង បាននិយាយថា លោក Hwang Kyo-ahn បានធ្វើសកម្មភាពតបតយ៉ាងតឹងរឹង រួមទាំងការរឹតត្បិតពាណិជ្ជកម្ម ប្រឆាំងនឹងកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ។
កាលពីប៉ុន្មានថ្ងៃកន្លងទៅ លោក Hwang បាធ្វើកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមួយ ដែលលោក បាននិយាយថា «កូរ៉េខាងជើង អាចនឹងធ្វើតេស្តនុយក្លេអ៊ែរលើកទីប្រាំមួយ ឬការបង្កហេតុផ្សេងទៀត នៅថ្ងៃគម្រប់ខួបកងទ័ពប្រជាជនរបស់ខ្លួន ហើយថែមទាំងបានបន្ថែមថា ក្រុងព្យុងយ៉ាង នឹងត្រូវប្រឈមមុខជាមួយការតបតទៅវិញយ៉ាងតឹងរឹងបំផុត ប្រសិនបើគឃ្លើនធ្វើវានោះ»។
សូមជំរាបថា កាលពីថ្ងៃអង្គារ កូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយ ដែលមិនធ្លាប់មានពីមុនរបស់ខ្លួន ដោយក៏មានការចូលរួមឃ្លាំងមើលពីមេដឹកនាំកំពូលលោក Kim Jong Un ផងដែរ ក្នុងទីក្រុងវ៉ុនសាន ស្ថិតនៅលើឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស ដើម្បីប្រារព្ធខួបលើកទី ៨៥ នៃការបង្កើតកងទ័ពរបស់ខ្លួន។
គួរបញ្ជាក់ដែរថា សមយុទ្ធនេះ គឺជាការឆ្លើយតបទៅនឹងកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង ដែលបានធ្វើសមយុទ្ធយោធាជាមួយគ្នា កាលពីថ្មីៗនេះផងដែរ៕
មតិយោបល់