អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណា ត្រាំ បានប្រកាសប្រាប់ក្បួនក្រុមជនចំណាកស្រុកមកពីតំបន់កណ្តាលនៃទ្វីបអាមេរិក ដែលកំពុងដើរទៅកាន់ព្រំដែនខាងជើងនៃប្រទេសម៉ិកស៊ិក ឲ្យត្រឡប់ថយក្រោយ ដោយបានហៅសេចក្តីសង្ឃឹមនៃក្រុមជនទាំងនេះថា ជាអាសន្នរបស់ជាតិ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។
កងជីវពលអាមេរិកជាង២ពាន់ ត្រូវបានដាក់ពង្រាយរួចជាស្រេច នៅព្រំប្រទល់ភាគខាងត្បូងរបស់អាមេរិក។ ដោយកាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានព្រមានថា លោកនឹងបញ្ជូនទាហានទៅកាន់ព្រំដែនបន្ថែម ដើម្បីរារាំងក្បួនក្រុមជនទាំងនេះ កុំឲ្យចូលក្នុងប្រទេស។
ក្នុងនោះលោកបានសរសេរនៅលើប្រព័ន្ធ Twitter ថា លោកនឹងបញ្ជូនទាហាន សម្រាប់ទប់ស្កាត់ករណីនេះ និងបានធ្វើការស្ដីបន្ទាសដល់ពួកប្រជាធិបតេយ្យ អំពីបញ្ហាជនចំណាកស្រុក ដែលស្វះស្វែងមកជ្រកកោន ក្នុងទឹកដីអាមេរិក។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ ក៏បានរិះគន់ប្រទេសហុងឌូរ៉ាស អែលសាវ៉ាឌ័រ និងក្វាតេម៉ាឡា ដែលមិនបានបញ្ឈប់ពលរដ្ឋខ្លួន មិនឲ្យចាកចេញពីប្រទេសពួកគេមកកាន់អាមេរិក។ ខណៈដែលកាលពីថ្ងៃច័ន្ទ លោក ត្រាំ បានព្រមានថា នឹងចាប់ផ្តើមកាត់ផ្តាច់ ឬបន្ថយជំនួយបរទេសដល់ប្រទេសទាំងនោះ ហើយថែមទាំងគំរាមកាលពីសប្តាហ៍មុនថា នឹងប្រើទាហានឲ្យបិទព្រំដែនផងដែរ៕
មតិយោបល់