ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី វាយប្រហារទម្លាក់គ្រាប់នៅស៊ីរី

ស៊ីរីៈ យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី បានប្រតិបត្ដិការរួមគ្នាវាយប្រហារទម្លាក់គ្រាប់ ក្នុងតំបន់ដែលពួកភេរវករប្រមូលផ្តុំ នៅភាគខាងជើងទីក្រុង Hama ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់សិបនាក់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។

តាមប្រភពយោធា រាយការណ៍ថា ការវាយប្រហារនេះ បានបំផ្លាញរថក្រោះ រថយន្ត និងបានសម្លាប់ភេរវកររាប់សិបនាក់ នៅកន្លែងប្រមូលផ្តុំ និងទីស្នាក់ការកណ្តាលរបស់ពួកសកម្មប្រយុទ្ធ នៅភាគខាងជើង និងខាងកើតតំបន់ Suran និង Maardas ។

ជុំវិញការវាយប្រហារនេះ ពួកភេរវករបានទទួលរងការខាតបង់យ៉ាងខ្លាំង ក្នុងតំបន់ Morek, al-Hamar, Tal Bazam, Tal Za’tar, Kafr Zita, Skaik, Atshan, al-Lataminah នៅភាគខាងជើងទីក្រុង Hama ប្រទេសស៊ីរី។

ប្រភពពីកងទ័ពបាននិយាយកាលពីថ្ងៃពុធថា កងទ័ពស៊ីរីបានកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់នៃក្រុមភេរវករ នៅភាគខាងជើងទីក្រុង Hama ខណៈពេលដែលផ្លូវបើកចំហរមួយចំនួន ទៅកាន់តំបន់កាន់កាប់ដោយសកម្មប្រយុទ្ធ គឺមិនមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការផ្ទេរ ឬផ្គត់ផ្គង់អាវុធដល់កងកម្លាំងនោះទេ៕

russian-syrian-warplanes-launch-heavy-airstrikes-on-terrorists-in-northern-hama

មតិយោបល់