អាមេរិកៈ ប្រេសិតជាន់ខ្ពស់អាមេរិក បានរិះគន់សេចក្តីសម្រេច របស់សហភាពអឺរ៉ុប ដែលបានផ្តល់ជំនួយ ជាទឹកប្រាក់ ២០.៧ លានដុល្លារអាមេរិកទៅឲ្យក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រ ដោយលោកបានជំរុញឲ្យទីក្រុងប៊្រុចសែល ជួយក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ការគំរាមកំហែងរបស់អ៊ីរ៉ង់ ចំពោះស្ថិរភាពពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។
លោក Brian Hook អ្នកតំណាងពិសេសនៅអ៊ីរ៉ង់ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជំនួយបរទេសពីអ្នកបង់ពន្ធអឺរ៉ុប បានធ្វើឲ្យសមត្ថភាពរបបមួយនេះ បន្តការមិនយកចិត្តទុកដាក់ ចំពោះតម្រូវការរបស់ប្រជាជនខ្លួន និងរារាំងការផ្លាស់ប្តូរគោលនយោបាយក្នុងប្រទេស»។
ដោយលោកបានបន្ថែមថា ប្រជាជនអ៊ីរ៉ង់ បានប្រឈមនឹងសម្ពាធសេដ្ឋកិច្ច ដែលបណ្តាលមកពីអំពើពុករលួយ ការគ្រប់គ្រងមិនល្អ ការឧបត្ថម្ភគ្រាំទ្រអំពើភេរវកម្ម និងជម្លោះបរទេសរបស់រដ្ឋាភិបាល។
ក្នុងនោះលោកបានបញ្ជាក់ថា អាមេរិក និងសហភាពអឺរ៉ុប គួរតែធ្វើការជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង ដែលគាំទ្រយ៉ាងពិតប្រាកដដល់ប្រជាជនអ៊ីរ៉ង់ និងបញ្ចប់ការគំរាមកំហែងរបស់របបមួយនេះ ចំពោះស្ថេរភាពក្នុងតំបន់ និងពិភពលោក៕
មតិយោបល់