អង់គ្លេសៈ ក្រុមហ៊ុនការពារជាតិអង់គ្លេសមួយ នឹងផ្គត់ផ្គង់គ្រឿងបរិក្ខាយោធាគ្មានដែនកំណត់ដល់ប្រទេសចិន ក្នុងនោះរួមមានទាំងបច្ចេកវិទ្យារ៉ាដាតាមអាកាសផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
យ៉ាងណាមិញទោះបីជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាការពារជាតិអង់គ្លេស មិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណជាសាធារណៈ ក៏ដោយក៏អាជ្ញាប័ណ្ណនាំចេញបុគ្គលមួយ ហៅកាត់ថា OIEL ត្រូវបានបង្កើតឡើង ចាប់តាំងពីខែមេសា ដែលមានរយៈពេលពីរខែមកហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី តេរ៉េហ្សា មេ បានមកធ្វើទស្សនកិច្ច នៅក្រុងប៉េកាំង។
នៅក្រោមកិច្ចព្រមព្រៀងថ្មី ក្រុមហ៊ុនផ្គត់ផ្គង់នេះ នឹងនាំចេញនូវបរិមាណទំនិញគ្មានដែនកំណត់ រួមទាំងឧបករណ៍គ្រឿងបន្លាស់កម្មវិធី និងបច្ចេកវិទ្យា សម្រាប់ប្រព័ន្ធរ៉ាដាយោធាដល់ប្រទេសចិនផងដែរ។ ដោយកិច្ចព្រមព្រៀងកន្លងមក រវាងប្រទេសទាំងពីរ បានកំណត់បរិមាណ និងតម្លៃនៃការលក់អាវុធរបស់អង់គ្លេស ទៅកាន់ប្រទេសចិន។
សូមជំរាបថា គ្រឿងបរិក្ខាយោធាទាំងនោះ រួមមានប្រព័ន្ធត្រួតពិនិត្យ និងប្រឆាំងអាវុធ សម្រាប់យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកជាដើម៕
មតិយោបល់