ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវអាមេរិក អះអាងថា កូរ៉េខាងជើង កំពុងលាក់បាំងមូលដ្ឋានអភិវឌ្ឍមីស៊ីល

អាមេរិក: ការសិក្សាថ្មីដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទ ជុំវិញគំនិតផ្តួចផ្តើមគោលនយោបាយការបរទេស របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរកឃើញការសង្ស័យថ្មីៗ ដែលអះអាងថា កូរ៉េខាងជើង កំពុងលាក់លៀមប្រតិបត្តិការ មូលដ្ឋានមូដ្ឋានអភិវឌ្ឍមីស៊ីលយ៉ាងហោចណាស់ ១៣ ទីតាំង ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើទោះបីលោក ត្រាំ បានអបអរសាទរចំពោះកិច្ចប្រជុំកំពូល កាលពីខែមិថុនារបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្រោយពីវាបានជួយបើកផ្លូវ សម្រាប់ដំណើរការ ឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ ក៏ដូចជាបញ្ហាមិនចុះសម្រុងគ្នា ដែលនាំឲ្យមានការបែងចែក នៅលើឧបទ្វីបកូរ៉េ និងភាពតានតឹង រវាងប្រទេសទាំងពីរកន្លងមក។

ដោយសារតែមើលឃើញថា ចាប់តាំងពីកិច្ចប្រជុំកំពូល នៅសិង្ហបុរីនោះរួចមក កូរ៉េខាងជើង បានបោះបង់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងរុះរើទីតាំងសាកល្បងមីស៊ីល ព្រមទាំងបានសន្យាថា នឹងលុបបំបាត់ភាពស្មុគស្មាញ ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ ដ៏សំខាន់របស់ប្រទេសផងដែរ។

ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្ដរជាតិ នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា កូរ៉េខាងជើង ទំនងជានៅមានទីតាំងប្រតិបត្តិការមីស៊ីលចំនួន ១៣ បន្ថែមទៀត ដែលកំពុងលាក់បាំង មិនទាន់ត្រូវបានប្រកាស ដោយរដ្ឋាភិបាល ហើយថា អាចមានរហូតដល់ ២០ ទីតាំងឯណ្ណោះ៕

មតិយោបល់