(អេក្វាទ័រ)៖ គ្រោះធម្មជាតិរញ្ជួយផែនដី កម្រិតធ្ងន់បំផុត រហូតដល់ទៅ ៧,៨ នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារប្រទេស អេក្វាទ័រ នៃតំបន់អាមេរិកខាងត្បូង បានបណ្តាលឲ្យមនុស្ស ៧៧នាក់ហើយស្លាប់ និងជិត ៦០០នាក់ទៀតរងរបួស ដែលធ្វើឲ្យអាជ្ញាធរ មានការព្រួយបារម្ភថា នឹងអាចមានអ្នកស្លាប់ បន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ពីទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦។
អាជ្ញាធរដោះស្រាយគ្រាមានអាសន្នរបស់ប្រទេស អេក្វាទ័រ បានសម្រេចដាក់ខេត្តចំនួន ០៦ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះទៅក្នុងគ្រាមានអាសន្ន បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដី កម្រិត ៧,៨ រ៉ិចទ័រ វាយប្រហារក្រុង Muisne ជាប់ឆ្នេរសមុទ្រ ចម្ងាយ ៣០០ គីឡូម៉ែត្រពី ទីក្រុង Guayaquil ភាគខាងជើងប្រទេស។
រហូតមកដល់ពេលនេះអាជ្ញាធរកំពុង តែចេញប្រតិបត្តិការជួយសង្គ្រោះប្រជាជន ដោយមានកម្លាំងយោធាជាង ១០,០០០នាក់ និង ប៉ូលិស ៣,៥០០នាក់ ត្រូវបានដាក់ពង្រាយ ទៅតាមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរនានា៕
មតិយោបល់