អាមេរិកៈ កងទ័ពជើងទឹកអាមេរិកមួយក្រុម មកពីនាវាផ្ទុកយន្តហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរឈ្មោះ USS Harry Truman បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Gibraltar ចូលទៅកាន់សមុទ្រមេឌីទែរ៉ាណេ កាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
នាវាផ្ទុកយន្តហោះចម្បាំងនេះ មានដឹកទាហាន ៥,០០០ នាក់ បានចាកចេញពីកំពង់ផែទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ជាកន្លែងដែលកាលពីមុន កងនាវានេះ ធ្លាប់បានចំណាយពេលបួនថ្ងៃ ដើម្បីប្រារព្ធខួប នៃការបញ្ចប់សង្គ្រាមលោកលើកទី១។
ដោយនៅពេលនោះ សមាជិកនាវិករបស់នាវានេះ ត្រូវបានអនុញ្ញាតិឲ្យសិក្សាស្វែងយល់ និងស្គាល់ពីទេសភាពនៃទីក្រុង ក៏ដូចជាចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗផងដែរ។
សម្រាប់ខែតុលាឆ្នាំនេះ នាវា USS Truman បានក្លាយជានាវាផ្ទុកយន្តហោះអាមេរិកដំបូងគេ ដែលបានធ្វើដំណើរចូលទៅកាន់តំបន់អាក់ទិកជាលើកដំបូង មិនធ្លាប់មានក្នុងរយៈពេលជិត ៣០ ឆ្នាំមកនេះ៕
មតិយោបល់