រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា អ៊ុយក្រែន គួរតែត្រូវបានស្តីបន្ទោស ចំពោះការប្រឈមមុខដាក់គ្នា នៅតំបន់គ្រីមៀ ខណៈដែលក្រុងម៉ូស្គូ បានព្រមានថា ជម្លោះនេះ អាចនឹងកើនឡើងដោយសារតែការសម្រេចចិត្ត របស់ក្រុងគៀវ ក្នុងការប្រកាសដាក់ច្បាប់អាជ្ញាសឹក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងការហៅទូរស័ព្ទមួយ ជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី អេជេទ្បា មឺគែល កាលពីថ្ងៃអង្គារ លោកពូទីន បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការប្រឈមមុខដាក់គ្នា ចំពោះផ្នែកយោធា នៅឆ្នេរសមុទ្រតំបន់គ្រីមៀ រវាងកងទ័ពជើងទឹកអ៊ុយក្រែន និងឆ្មាំសមុទ្ររបស់រុស្ស៊ី បន្ទាប់ពីការរឹបអូសយកនាវាអ៊ុយក្រែនចំនួន ៣ គ្រឿង និងការឃុំឃាំងនាវិករបស់ពួកគេ។
ដោយប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានបង្កហេតុសម្រាប់ការប្រឈមមុខគ្នា តាមរយៈហេតុផលនយោបាយ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរបស់លោកស្រី មឺគែល គឺលោក Steffen Seibert បាននិយាយថា អធិការបតី នៅក្នុងកិច្ចសន្ទនា ជាមួយលោក ពូទីន បានសង្កត់ធ្ងន់លើការដោះស្រាយវិបត្តិមួយនេះ តម្រូវការឲ្យមានការបន្ធូរបន្ថយភាពតានតឹង និងកិច្ចពិភាក្សា៕
មតិយោបល់