រុស្ស៊ីៈ រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃអង្គារបានព្រមានរុស្ស៊ីថា នឹងដកខ្លួនចេញពីសន្ធិសញ្ញាសង្គ្រាមត្រជាក់ ដែលបានកំណត់ព្រំដែនអាវុធនុយក្លេអ៊ែរ ប្រសិនបើក្រុងម៉ូស្គូ មិនព្រមរុះរើប្រព័ន្ធមីស៊ីលថ្មីរបស់ពួកគេចេញ ក្នុងរយៈពេល ៦០ ថ្ងៃនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា ក្រុងវ៉ាស៊ីនតោន នឹងមិនស្ថិតក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ឆ្នាំ ១៩៨៧ ទ្បើយ លុះត្រាតែទីក្រុងម៉ូស្គូ ព្រមរុះរើនូវចេញប្រព័ន្ធអាវុធ ដែលបានបង្កឲ្យមានការគំរាមកំហែង ចំពោះការប្រកួតប្រជែងសព្វាវុធ។
ពាក់ព័ន្ធនឹងបញ្ហានេះ ណាតូ បាននិយាយថា ឥឡូវនេះ វាស្ថិតនៅលើរុស្ស៊ីប៉ុណ្ណោះ ថាតើពួកគេចង់បន្តរក្សាកិច្ចព្រមព្រៀង ដែលជាផ្នែកសំខាន់មួយ សម្រាប់គ្រប់គ្រងអាវុធសកល ឬយ៉ាងណា។
ខណៈលោក Pompeo បានថ្លែងបន្ទាប់ពីកិច្ចចរចា ជាមួយរដ្ឋមន្ត្រីការបរទេសអង្គការណាតូថា៖ «រុស្ស៊ី បានការរំលោភលើសន្ធិសញ្ញាខាងលើ ហើយអាមេរិក នឹងផ្អាកកាតព្វកិច្ចរបស់ខ្លួន ដើម្បីជាមធ្យោបាយដោះស្រាយមួយ ក្នុងរយៈពេល ៦០ ថ្ងៃ បើសិនជារុស្ស៊ី មិនអនុលោមតាមវាពេញលេញ និងអាចផ្ទៀងផ្ទាត់បាននោះ»។
ក្នុងនោះលោក បានបន្ថែមថា សកម្មភាពរបស់រុស្ស៊ី បានធ្វើឲ្យអន្តរាយដល់សន្តិសុខជាតិ និងសម្ព័ន្ធមិត្ត ក៏ដូចជាដៃគូរបស់អាមេរិក។ ហេតុដូចនេះ វាក៏គ្មានន័យទ្បើយ សម្រាប់អាមេរិក ក្នុងការរក្សាសន្ធិសញ្ញា ដែលរារាំងសមត្ថភាពរបស់ពួកគេ ក្នុងការឆ្លើយតបចំពោះការរំលោភរបស់រុស្ស៊ីនោះ៕
មតិយោបល់