ព័ត៌មានអន្តរជាតិ

ក្រុម ISIS កំពុងមានគម្រោងវាយប្រហារ បំផ្ទុះគ្រាប់បែកនៅតំបន់អាស៊ាន

ម៉ាទ្បេស៊ី: តាមសេចក្ដីរាយការណ៍ពីប៉ូលិសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ពួកគេបានចាប់ខ្លួនមនុស្ស៧ នាក់ ក្នុងនោះមានជនបរទេស៤ នាក់ និងជនជាតិម៉ាឡេស៊ីចំនួន៣ នាក់ ដែលសង្ស័យថា ជាសកម្មជនរដ្ឋអ៊ិស្លាម (ISIS) ដែលបានរៀបផែនការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក នៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្ដាប្រទេសមួយចំនួនផ្សេងទៀត នៅតំបន់អាស៊ាន។ នេះបើយោងតាមសារព័ត៌មានសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០១៦។

អាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា ខ្លួនបានដកហូតលិខិតឆ្លងដែន ពីប្រជាពលរដ្ឋជាច្រើននាក់ ដោយសង្ស័យថា ពួកគេចេញពីប្រទេស ដើម្បីចូលរួមជាមួយរដ្ឋអ៊ីស្លាម។ ប៉ូលិសបានរាយការណ៍ថា បុរសជនជាតិម៉ាឡេស៊ី អាយុ១៨ ឆ្នាំម្នាក់ ដែលបានចូលរួមជាមួយក្រុមISIS ត្រូវបានសម្លាប់ ក្នុងការប្រយុទ្ធគ្នាមួយ នៅប្រទេសស៊ីរី និង៧នាក់ផ្សេងទៀត ត្រូវបានស្លាប់ក្រោយពួកគេធ្វើអត្តឃាតបំផ្ទុះខ្លួនឯង ក្នុងការវាយប្រហារមួយផងដែរ។

អាជ្ញាធរម៉ាឡេស៊ី បានឱ្យដឹងថា ភាគច្រើនជនសង្ស័យបរទេស ដែលជាប់ពាក់ព័ន្ធនឹងក្រុម ISIS មានសកម្មភាពរត់ពន្ធអាវុធ ពីប្រទេសឥណ្ឌូនេស៊ី ដើម្បីបើកការវាយប្រហារ នៅប្រទេសម៉ាឡេស៊ី។

សូមជម្រាបថា ក្រុមរដ្ឋអ៊ីស្លាម ISIS បានវាយប្រហារដោយទទួលបានជោគជ័យជាលើកដំបូង ជាមួយនឹងការគប់គ្រាប់បែកនៅជាយរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលខែមិថុនា៕

មតិយោបល់