កាណាដាៈ តុលាការប្រទេសកាណាដា កាលពីថ្ងៃអង្គារ បានសម្រេចឲ្យមានការដាក់ប្រាក់ធានា ដើម្បីដោះលែងប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei ខណៈដែលលោកស្រី កំពុងរងចាំសវនាការសម្រាប់ការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ដែលជាសកម្មភាពមួយ បានធ្វើឲ្យចិន មានការខឹងសម្បារ ចំពោះការចាប់ខ្លួននេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
លោកស្រី Meng Wanzhou អាយុ ៤៦ ឆ្នាំ ដែលគេស្គាល់ថា ជាប្រធានផ្នែកហិរញ្ញវត្ថុ និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Huawei បានប្រឈមមុខនឹងការចោទប្រកាន់របស់អាមេរិកថា លោកស្រីបានរំលោភបំពានលើទណ្ឌកម្មអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
ទាក់ទងនឹងរឿងក្ដីរបស់លោកស្រី ចៅក្រមលោក William Ehrcke នៅឯសវនាការក្នុងតុលាការក្រុង Vancouver រដ្ឋ British Columbia កាលពីថ្ងៃអង្គារ បានផ្តល់ឲ្យមានការដាក់ប្រាក់ធានាចំនួន ៧.៥ លានដុល្លារអាមេរិក និងលក្ខខណ្ឌផ្សេងទៀតផងដែរ ដើម្បីដោះលោកស្រី Meng។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលចិន បានធ្វើការគំរាមយ៉ាងធ្ងន់ធ្ងរ អំពីផលវិបាក ហើយទាមទារឲ្យប្រទេសកាណាដា ដោះលែងលោកស្រី Meng ភ្លាមៗ៕

មតិយោបល់