រុស្ស៊ីៈ រដ្ឋាភិបាលក្រុងម៉ូស្កូ នឹងចាប់ផ្តើមបញ្ជូនប្រព័ន្ធមីស៊ីល S-400 ទៅកាន់ប្រទេសតួកគី ក្នុងឆ្នាំ ២០១៩ ខាងមុខ ពោលគឺលឿនជាងសេចក្ដីប្រកាសកាលពីមុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។
ការផ្លាស់ប្តូរនេះ បានកើតឡើងចំពេលដែលមានភាពតានតឹងខ្លាំងឡើង រវាងប្រទេសតួកគី និងសម្ព័ន្ធមិត្តណាតូ នៅភាគខាងលិច។
លោក Alexander Mikheyev ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Rosoboronexport ដែលជាភ្នាក់ងារកណ្តាលផ្នែកលក់អាវុធរបស់រុស្ស៊ី បាននិយាយថា កិច្ចសន្យាលើ S-400 ទៅកាន់ប្រទេសតួកគី កំពុងត្រូវបានប្រតិបត្តិតាមកាលកំណត់ ដែលបានព្រមព្រៀងគ្នា»។
ដោយទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្ដីរបស់លោកបន្ថែមថា៖ «នៅឆ្នាំ ២០១៩ រុស្ស៊ី នឹងចាប់ផ្តើមបំពេញតាមកិច្ចសន្យាមួយនេះ»។
សូមជំរាបថា កាលពីឆ្នាំមុន នាយកប្រតិបត្តិក្រុមហ៊ុន Rosoboronexport រូបនេះ បាននិយាយថា ការដឹកជញ្ជូនប្រព័ន្ធមីស៊ីលនេះ ទៅកាន់ប្រទេសតួកគី នឹងចាប់ផ្តើមនៅឆ្នាំ ២០២០៕
មតិយោបល់