សិង្ហបុរី: ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជម្លោះព្រំដែនតាមដែនសមុទ្រ នឹងត្រូវបានដោះស្រាយល្អបំផុត តាមរយៈការចរចា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។
រដ្ឋាភិបាលសិង្ហបុរីជឿជាក់ថា ការចរចា នឹងជួយដោះស្រាយបញ្ហាជម្លោះទាំងនេះល្អបំផុត ដើម្បីឈានដល់ដំណោះស្រាយមួយ ដែលអាចទទួលយកបាន ដោយការយល់ព្រមពីភាគីពាក់ព័ន្ធ។
អ្នកនាំពាក្យម្នាក់របស់ MFA បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរឿងនេះ មិនអាចសម្រេចបាន សិង្ហបុរីបានត្រៀមដោះស្រាយជម្លោះនេះ តាមរយៈការប្រើនីតិវិធីដោះស្រាយជម្លោះភាគីទីបី ដែលសមស្របតាមលក្ខខណ្ឌ ដែលភាគីទាំងពីរបានយល់ព្រម។
ដោយកាលពីថ្ងៃពុធ រដ្ឋាភិបាលសិង្ហបុរី បានដាក់ប្រកាសមួយ នៅ UNCLOS ដើម្បីធ្វើការដោះស្រាយវិវាទអន្តរជាតិ ស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ៕
មតិយោបល់