ព័ត៌មានអន្តរជាតិ

ករណីរផ្ទុះនៅភោជនីយដ្ឋានមួយកន្លែងនៅជប៉ុន បណ្ដាលឲ្យមនុស្ស ៤២នាក់រងរបួស និង អគារជាច្រើនបាក់រលំ

ជប៉ុនៈ ការផ្ទុះដ៏ខ្លាំងក្លាមួយ បានកើតឡើងនៅភោជនីយដ្ឋានមួយ ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន ក្នុងទីក្រុង Sapporo កាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យមនុស្ស ៤២ នាក់រងរបួស ដោយវាបានបង្កជាអគ្គិភ័យឆេះជាច្រើនម៉ោង និងរុញច្រានអគារជិតខាងមួយចំនួនឲ្យដួលរលំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

រូបភាពពីកន្លែងកើតហេតុ បានបង្ហាញពីអណ្តាតភ្លើងធំៗ រួមទាំងផ្សែង ដែលកំពុងហ៊ុយឡើង នៅពេលយប់ បន្ទាប់ពីការផ្ទុះនេះ។

ប្រភពពីមន្ត្រីប៉ូលិស បានឲ្យដឹងថា ពុំមាននរណាម្នាក់ ត្រូវបានបាត់បង់ជីវិតនោះទេ ហើយមូលហេតុនៃការផ្ទុះនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ តែបើតាមសាក្សីម្នាក់ បាននិយាយថា គាត់បានធុំក្លិនឧស្ម័នហ្គាស បន្ទាប់ពីការផ្ទុះនេះ។

ទីភ្នាក់ងារសារព័ត៌មាន Jiji Press បាននិយាយថា ម្នាក់ក្នុងចំនោមអ្នករងរបួស កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយទទួលរងការរលាកនៅលើមុខរបស់គាត់ ប៉ុន្តែគ្មានជនរងគ្រោះណាម្នាក់ រងការគំរាមគំហែងដល់អាយុជីវិតនោះទេ។

សូមជំរាបថា កុមារជាច្រើន ត្រូវបានគេរាយការណ៍ថា បានស្ថិតក្នុងចំណោមអ្នកដែលរងរបួសទាំងនោះ៕

មតិយោបល់