អាហ្វហ្គានីស្ថានៈ មន្ត្រីជាន់ខ្ពស់អាហ្វាហ្គានីស្ថាន បាននិយាយថា ការដកកងទ័ពអាមេរិក ចេញពីប្រទេសខ្លួន នឹងមិនធ្វើឲ្យប៉ះពាល់ដល់ស្ថានការណ៍សន្តិសុខ របស់ប្រទេសនោះទេ ដែលការលើកទ្បើងនេះ បានធ្វើទ្បើងបន្ទាប់ពី មានការរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននិយាយថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដូច្នេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។
លោក Fazel Fazly ប្រធានទីប្រឹក្សារបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន បាននិយាយតាម Twitter កាលពីថ្ងៃសុក្រថា ប្រសិនបើកងកម្លាំងបរទេស ពីរទៅបីពាន់នាក់ ដែលធ្លាប់បានផ្តល់ការណែនាំ បណ្តុះបណ្តាល និងជួយរក្សាស្ថានភាពក្នុងប្រទេស ត្រូវបានដកចេញនោះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខអាហ្វាហ្គានីស្ថានទ្បើយ។
ដោយលោកបានបន្ថែមថា «ក្នុងរយៈពេល ៤ ឆ្នាំកន្លះកន្លងមកសន្តិសុខរបស់ប្រទេស គឺស្ថិតនៅក្នុងដៃរបស់ប្រជាជនអាហ្វហ្គានីស្ថាន ហើយគោលដៅចុងក្រោយ គឺថាកងកម្លាំងការពារជាតិ និងកងកម្លាំងសន្តិសុខរបស់យើង នឹងឈរជើង ដើម្បីការពារទឹកដីពួកគេដោយខ្លួនឯង៕
មតិយោបល់