ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស២នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ រីឯពីរនាក់ទៀតរងរបួស កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោមកែង និងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉ែវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1H-1927 ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហ្សូមើអ៊ិច ពណ៌ក្រហម ពាក់ ស្លាកលេខ ភ្នំពេញ1GE-2537 ជិះដោយបុរសម្នាក់ តាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិច ទៅកើត បានបុកគ្នាពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូហ៊្សូ មើអ៊ិចផ្លោង ទៅមុខភីហ្សាខុមម៉ូនី រងរបួសធ្ងន់ ចំណែកខាងម៉ូតូវ៉ែវរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះគ្លីនិចរស្មីដឹកទៅ ភ្លាមៗ ផងដែរ តែដោយស្ថានភាពអ្នករងគ្រោះពីរនាក់ធ្ងន់ធ្ងរពេក បានបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីពេទ្យកាល ម៉ែត្របន្ទាប់មកបានស្លាប់ម្នាក់។
ជនរងគ្រោះដែលស្លាប់និងអ្នករងរបួសធ្ងន់ស្រាលមិនស្គាល់អត្តសញ្ញាណឡេីយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពីណី៕

មតិយោបល់