រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានត្រួតពិនិត្យការធ្វើតេស្តប្រព័ន្ធមីស៊ីលល្បឿនលឿនថ្មី ដោយប្រកាសថា អាវុធនេះ គ្មានអ្វីអាចទប់ស្កាត់បានទ្បើយ ដែលវានឹងធានាដល់សន្តិសុខរបស់ប្រទេស នៅប៉ុន្មានទសវត្សរ៍ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងទៅកាន់មន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ី កាលពីថ្ងៃពុធ អំទ្បុងឃ្លាំមើលការផ្សាយបន្តផ្ទាល់ នៃការចាប់ផ្តើមប្រព័ន្ធមីស៊ីល Avangard បន្ទាប់ពីការត្រួតពិនិត្យនៅអគាររបស់ក្រសួងការពារជាតិ លោក ពូទីន បាននិយាយថា ការធ្វើតេស្តនេះ គឺជាជោគជ័យដ៏អស្ចារ្យ និងជាអំណោយឆ្នាំថ្មីដ៏ពិសេសបំផុត សម្រាប់ប្រទេសជាតិ»។
យោងទៅតាមវិមានក្រឹមឡាំង បានឲ្យដឹងថា មីស៊ីលនេះ ត្រូវបានបាញ់ចេញពីមូលដ្ឋានមីស៊ីល Dombarovskiy នៅភាគខាងត្បូងភ្នំ Ural ដោយបានវាយប្រហារគោលដៅដែលកំណត់ នៅលើទីតាំងសាកល្បងមួយ ក្នុងតំបន់ Kamchatka ចម្ងាយប្រហែល ៦,០០០ គីឡូម៉ែត្រ។
លោកពូទីន បាននិយាយបន្ទាប់ពីការធ្វើតេស្តនេះថា ប្រព័ន្ធមីស៊ីល Avangard គ្មានអ្វីអាចទប់ស្កាត់បានទ្បើយ ដោយលោកបន្ថែមថា អាវុធថ្មីនេះ នឹងចូលបម្រើជាមួយកងកម្លាំងមីស៊ីល សម្រាប់យុទ្ធសាស្ត្ររបស់យោធានៅឆ្នាំក្រោយ៕
មតិយោបល់