ព័ត៌មានជាតិ

​រន្ធត់! ឪពុកឌុប​កូនស្រី​ទៅរៀន ត្រូវរថយន្តដឹកស៊ីប្រូបើកវ៉ាជែង​ ក្រឡាប់សង្កត់លើ បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់​

​ព្រៃវែង: នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ ហើយរថយន្តក្រឡាប់ប៉ះនឹងម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យស្លាប់បុរសម្នាក់និងរងរបួសធ្ងន់ក្មេងស្រីម្នាក់​ នៅលើផ្លូវលេខ៣១២ ភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តបង្ក ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-3785 ដឹកស៊ីប្រូពេញ​(អ្នកបើកបរ​មិនស្គាល់ឈ្មោះ​គេចបាត់) បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានវ៉ាជែងជាមួយរថយន្តផ្សេង ​ទៀតហើយបួងចង្កូត​ជ្រុលមកខាងឆ្វេងដៃ កង់រថយន្ត ម្ខាងផុតថ្នល់កៅស៊ូ រួចបួងមកវិញ យោលលើក្រឡាប់ បះជើង ជះស៊ីប្រូ និងរថយន្តសង្កត់ម៉ូតូ២គ្រឿងតែម្តង។

ក្នុងករណីនេះ បណ្តាល​ឲ្យជនរងគ្រោះឈ្មោះ អាន ថា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិពានីឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង​ ស្លា​ប់នៅនឹងកន្លែង ដែល​ឌុបកូនស្រីឈ្មោះ ស៊ីម
វុទ្ធា អាយុ១៨ឆ្នាំ រងរបួសបាក់ជើងម្ខាងខាងឆ្វេង​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយក​រថយន្តនិងម៉ូតូ ​យកទៅរក្សាទុកនៅប៉ុស្តិ៍ល្វា រង់ចាំដោះស្រាយគ្នាពេលក្រោយ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

មតិយោបល់