ព័ត៌មានអន្តរជាតិ

អាមេរិក នឹងធានាដល់សន្តិសុខរបស់អ៊ីស្រាអែល មុនពេលដកទ័ពខ្លួនចេញពីស៊ីរី

ស៊ីរីៈ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការដកកងទ័ពអាមេរិក ចេញពីភាគឦសានប្រទេសស៊ីរី នឹងប្រព្រឹត្តទៅក្នុងលក្ខខណ្ឌមួយ ដែលធានាបាននូវសុវត្ថិភាពរបស់អ៊ីស្រាអែល និងសម្ព័ន្ធមិត្តខ្លួនដទៃទៀត នៅមជ្ឈឹមបូព៌ា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។

លោក John Bolton បានធ្វើការសន្យាកាលពីថ្ងៃអាទិត្យថា លក្ខខណ្ខនៃការដកទ័ពខ្លួនចេញពីប្រទេសស៊ីរី គឺដោយសារការបរាជ័យរបស់រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡេវ៉ាន់ ដែលគេស្គាល់ផងដែរថា ISIS។

ក្នុងនោះលោក Bolton បានបញ្ជាក់ថា មុននឹងការដកនេះ អាមេរិក ត្រូវការការធានាឲ្យបានពីប្រទេសតួកគី អំពីសុវត្ថិភាពរបស់យុទ្ធជនឃឺដ ដែលជាសម្ព័ន្ធមិត្ត ជាមួយសហរដ្ឋអាមេរិក។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីមានការចរចា ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu លោក Bolton បាននិយាយថា ការដកទ័ពនេះ នឹងត្រូវបានធ្វើឡើង តាមមធ្យោបាយមួយ ដែលធានាថា ISIL បរាជ័យ ហើយមិនអាចស្តារឡើងវិញ ឬបង្កការគំរាមកំហែងម្តងទៀតបានទ្បើយ៕

មតិយោបល់