ហ្វីលីពីនៈ ប្រធានាធិបតីលោក Rodrigo Duterte កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ខ្លួននឹងស្វាគមន៍តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) សួរចម្លើយលោកជុំវិញការជំនុំជម្រះក្តី លើសង្គ្រាមបង្ហូរឈាម ថ្នាំញៀន ខណៈដែលបានបញ្ជាក់ថា មិនបានភិតភ័យទ្បើយ ហើយយុទ្ធនាការរបស់លោក ក៏មិនចុះញ៉ម និងនៅតែព្រៃផ្សៃ សម្រាប់ការបង្ក្រាបនេះ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
ឃាតករម្នាក់ បានសារភាពដោយខ្លួនឯង ដែលបានផ្តល់សក្ខីកម្ម ពាក់ព័ន្ធនៅក្នុងក្រុមកងកម្លាំងសម្លាប់ សម្រាប់ប្រតិបត្តិការបង្រ្កាប ស្ថិតនៅក្រោមគោលនយោបាយរបស់លោក Duterte ត្រូវបានរំពឹងថា នឹងដាក់ពាក្យបណ្ដឹងនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅខែនេះ ឬខែមេសាខាងមុខ ក្នុងការចោទប្រកាន់ ប្រធានាធិបតីពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ប៉ុន្តែលោក Duterte បាននិយាយថា លោកកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវ ទាក់ទងនឹងសិទ្ធិមនុស្ស និងមិនដែលណែនាំកងកម្លាំងសន្តិសុខ សម្លាប់ជនសង្ស័យ ដែលមិនតបតនឹងការចាប់ខ្លួននោះទេ។
សូមជំរាបថា មនុស្សជាង ៨.០០០ នាក់ហើយ ត្រូវបានសម្លាប់ ចាប់តាំងពីលោក Duterte ឡើងកាន់អំណាច កាលពីឆ្នាំមុន ជុំវិញយុទ្ធនាការប្រឆាំងការប្រើថ្នាំរបស់លោក ខណៈដែលការវាយឆ្មក់ និងប្រតិបត្ដិដោយប៉ូលិសនោះ ត្រូវបានអះអាងថា ពួកគេបានធ្វើទ្បើងនៅក្នុងការការពារខ្លួនប៉ុណ្ណោះ។
លោក Duterte បានប្រាប់អ្នកកាសែតយ៉ាងខ្លី មុនពេលធ្វើដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ាថា «ខ្ញុំនឹងមិនភិតភ័យ ហើយខ្ញុំក៏នឹងមិនត្រូវបានបញ្ឈប់ ដោយគ្រាន់តែអ្វីនោះដែរ? តុលាការឧក្រិដ្ឋកម្មអន្តរជាតិ? បទចោទប្រកាន់? ប្រសិនបើទាំងនេះ ជាផ្នែកមួយនៃជោគវាសនារបស់ខ្ញុំ ទុកឲ្យវាទៅតាមនឹងចុះ»៕
មតិយោបល់