រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យន្ដហោះត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានប្រទះឃើញយន្តហោះឈ្លបយកការណ៍ស៊ុយអែត នៅលើសមុទ្របាល់ទិក ជិតព្រំដែនរុស្ស៊ី ដែលភ្លាមៗនោះ យន្ដហោះចម្បាំង Su-27 រុស្ស៊ី បានចេញប្រតិបត្តិការដើម្បីស្ទាក់ចាប់វាផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងមហាជន របស់ក្រសួងការពារជាតិ បាននិយាយថា «ឧបករណ៍រុស្ស៊ី ដែលគ្រប់គ្រងលំហរអាកាស បានប្រទះឃើញគោលដៅហោះហើរមួយ នៅលើដែនទឹកអព្យាក្រឹត នៃសមុទ្របាល់ទិក ដែលកំពុងខិតទៅជិតព្រំប្រទល់រដ្ឋរបស់រុស្ស៊ី»។
ប្រភពដដែល បានបន្តថា យន្តហោះប្រតិកម្មរបស់រុស្ស៊ី បានទៅដល់គោលដៅយន្តហោះស៊ុយអែត ក្នុងចម្ងាយមួយដែលមានសុវត្ថិភាព ហើយបានកំណត់អត្តសញ្ញាណវាថា ជាយន្តហោះឈ្លបយកការណ៍របស់ស៊ុយអែត ដែលកំពុងហោះហើរ ជាមួយនឹងការបិទប្រព័ន្ធបញ្ជូនរបស់ខ្លួន។
នេះមិនមែនជាលើកទីមួយទេ ដែលយោធារុស្ស៊ី រាយការណ៍ថា ពួកគេ ត្រូវតែចេញប្រតិបត្តិការយន្តហោះ ដើម្បីស្ទាក់ចាប់យន្តហោះចារកម្មបរទេសទាំងនោះ៕
មតិយោបល់