ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មថ្មីទៅលើសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៊ីរ៉ង់ នៅស៊ីរី

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសអំពីការដាក់ទណ្ឌកម្មថ្មី ជុំវិញការវាយប្រហាររបស់កងជីវពល ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅស៊ីរី ក្នុងគោលបំណងជំរុញការគាបសង្កត់លើរដ្ឋាភិបាលក្រុងតេអេរ៉ង់ និងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដ៏មានឥទ្ធិពល ខណ:ដែលអាមេរិក ត្រៀមរៀបចម្ការដកកងទ័ពចេញពីប្រទេស ដែលហែកហួរដោយសង្រ្គាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

កងពលតូច Fatemiyoun ដែលមានជនជាតិអាហ្វហ្គានីស្ថាន និងកងពលតូច Zaynabiyoun Brigade ដែលមានពួកយុទ្ធជនប៉ាគីស្ថាន ត្រូវបានគេ ដាក់ឈ្មោះចូលក្នុងបញ្ជីខ្មៅផ្នែកហិរញ្ញវត្ថុរបស់រតនាគារអាមេរិក ក្នុងគោលបំណងកាត់ផ្តាច់លទ្ធភាពរបស់ពួកគេ ទទួលបានបណ្តាញហិរញ្ញវត្ថុពីអន្តរជាតិ ដើម្បីរារាំងប្រតិបត្តិការរបស់ពួកគេ។

ក្រសួងរតនាគារបាននិយាយថា កងជីវពលទាំងពីរ ត្រូវបានជ្រើសរើស ដោយកងកម្លាំងយោធាអ៊ីរ៉ង់ IRGC មកពីសហគមន៍ជនភៀសខ្លួន និងជនអន្តោប្រវេសន៍រស់នៅអ៊ីរ៉ង់ ហើយត្រូវបានបញ្ជូនទៅប្រយុទ្ធ ដើម្បីគ្រាំទ្ររបបដឹកនាំរបស់លោក Bashar al-Assad នៅក្នុងប្រទេសស៊ីរី។

លេខាធិការរតនាគារលោក Steven Mnuchin ក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា «របបតិច្ឆានអ៊ីរ៉ង់ បានប្រើសហគមន៍ជនភៀសខ្លួន នៅក្នុងប្រទេសអ៊ីរ៉ង់ … ដោយយកវាមកធ្វើជាខែលមនុស្ស សម្រាប់ជម្លោះនៅស៊ីរី»៕

មតិយោបល់