ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រកាសដោះដូរជាមួយសមាជិកសភា ដើម្បីបញ្ចប់ការបិទទ្វាររដ្ឋាភិបាល

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកបានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយសមាជិកសភាបក្សប្រជាធិបតេយ្យ ដោយមានរយៈពេលបីសប្តាហ៍ ក្នុងការផ្តល់មូលនិធិ ដើម្បីបញ្ឈប់ការបិទរដ្ឋាភិបាល ខណៈមកទល់ពេលនេះ គឺជាថ្ងៃទី ៣៥ ដែលថវិកាប្រធានាធិបតីទាមទារ ដើម្បីសាងជញ្ជាំងព្រំដែន នៅតែបន្តជាប់គាំង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

កាលពីមុននេះ លោក ត្រាំ បានទទូចសុំឱ្យមានការដាក់បញ្ចូលទឹកប្រាក់ចំនួន ៥,៧ ពាន់លានដុល្លារ ដើម្បីចំណាយសម្រាប់សាងជញ្ជាំង តាមបណ្តោយព្រំដែន រវាងអាមេរិក និងម៉ិកស៊ិក ដែលជាការសន្យាមួយ នៅក្នុងការចុះហត្ថលេខារបស់លោក ដើម្បីផ្តល់មូលនិធិដល់ភ្នាក់ងាររដ្ឋាភិបាល ប៉ុន្តែគណបក្សប្រជាធិបតេយ្យ បានរារាំងគម្រោងនេះ។

សូមជំរាបថា ប្រសិនបើសមាជិកសភា មិនយល់ស្របបន្ទាប់ពីកិច្ចចរចា រយៈពេលបីសប្តាហ៍ ដើម្បីផ្តល់មូលនិធិជញ្ជាំង នោះលោក ត្រាំ បានបញ្ជាក់ថា ការបិទទ្វាររដ្ឋាភិបាល អាចបន្ត ឬលោកអាចប្រកាសគ្រាអាសន្នថ្នាក់ជាតិ ដើម្បីទទួលបានមូលនិធិ៕

មតិយោបល់