ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា ស្នើឲ្យអាមេរិក ដាក់ទណ្ឌកម្មមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា

អាមេរិកៈ សមាជិកព្រឹទ្ធសភាអាមេរិក បានអំពាវនាវកាលពីថ្ងៃពុធឱ្យរដ្ឋាភិបាលខ្លួន ដាក់ទណ្ឌកម្មលើមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ដោយនិយាយថា ជាការចាំបាច់ណាស់ ក្នុងការធ្វើឲ្យប្រទេសនេះ ត្រូវមានការទទួលខុសត្រូវ ទៅលើយុទ្ធនាការប្រឆាំងនឹងក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩។

នៅក្នុងសំបុត្រផ្ញើទៅរដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសលោក Mike Pompeo និងលេខាធិការរតនាគារលោក Steven Mnuchin សមាជិកព្រឹទ្ធសភា ៤ រូប បាននិយាយថា ប្រទេសមីយ៉ាន់ម៉ា បានបង្ហាញសញ្ញាកើនទ្បើងនូវការមិនគួរឱ្យទុកចិត្ត ទោះបីជាមានការថ្កោលទោសពីអន្តរជាតិ ចំពោះការសម្លាប់ និងអំពើហិង្សាផ្លូវភេទ ប្រឆាំងនឹងជនជាតិភាគតិច ដែលភាគច្រើនជាពួកម៉ូស្លីមក៏ដោយ។

សមាជិកព្រឹទ្ធសភា រួមមានលោក Dick Durbin និងក្រុមអ្នកប្រជាធិបតេយ្យចំនួនពីររូបទៀត បាននិយាយថា ការដាក់ទណ្ឌកម្ម ចំពោះមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ឯក Min Aung Hlaing រួមទាំងមន្រ្តីជាន់ខ្ពស់ដទៃទៀត គឺដើម្បីបង្ហាញពីភាពមិនអត់ឱន សម្រាប់ឥរិយាបថ ដែលរបបមួយនេះ បានរំលោភបំពានលើសិទ្ធិមនុស្សជាមូលដ្ឋាន»៕

មតិយោបល់