ព័ត៌មានជាតិ

កូនលាម្ដាយរហូតហើយ! កំពុងដើរហាត់ប្រាណសុខៗ ត្រូវកង់បីឥណ្ឌបុកស្លាប់ ហើយបើករត់បាត់

ភ្នំពេញ: ស្ត្រីចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ ខណ:កំពុងដើរហាត់ប្រាណតាមផ្លូវ ត្រូវម៉ូតូកង់បីឥណ្ឌា បើកមកបុកពីក្រោយ ហើយបើករត់គេចបាត់ បន្សល់ទុកសាកសពនៅនឹងកន្លែង ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច កាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ បេតុង ស្ថិតនៅភូមិចម្ការឪឡឹក ១ សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ យ៉ែម សារី ហៅ អូន ភេទស្រី អាយុ ៦១ឆ្នាំ មុខរបរ នៅផ្ទះជាមួយកូន ស្ថិតក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីក្រុមគ្រួសារ បានឲ្យដឹងថា ស្រ្តីរងគ្រោះ ជួនស្នាក់នៅជាមួយកូន នៅស្រុកអង្គស្នួល ជួនមកនៅជាមួយកូន នៅខណ្ឌពោធិ៍សែនជ័យ ជារៀងរាល់ព្រឹក ជនរងគ្រោះតែងតែដើរហាត់ប្រាណ ហើយនៅព្រឹកថ្ងៃកើតហេតុនេះ ជនរងគ្រោះ ដើរហាត់ប្រាណតាមផ្លូវដូចសព្វដង ស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែង ទើបរកអត្តសញ្ញាណស្ត្រីរងគ្រោះ ទាក់ទងទៅក្រុមគ្រួសារ មកដឹកសពយកទៅធ្វើបុណ្យ តាមប្រពៃណីឯស្រុកកំណើត។ ចំណែកអ្នកបើកម៉ូតូកង់បីឥណ្ឌា កំពុងធ្វើការស្រាវជ្រាវបន្ដ៕

មតិយោបល់