អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបញ្ជូនកងទ័ពប្រហែល ១,៥០០នាក់បន្ថែមទៀត ទៅកាន់មជ្ឈឹមបូព៌ា ក្នុងគ្រាមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយគូប្រជែងអ៊ីរ៉ង់។ នេះបើតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមាន មុនពេលចេញដំណើរទស្សនកិច្ច ទៅជប៉ុនកាលពីថ្ងៃសុក្រ លោក ត្រាំ បាននិយាយថា ការដាក់ពង្រាយនេះ ចង់ផ្ដោតសំខាន់ភាគច្រើនទៅលើការការពារ ដែលគោលបំណងរបស់លោក គឺដើម្បីបង្កើនសន្តិសុខកងកម្លាំង ដែលមាននៅក្នុងតំបន់។
ដោយលោក ត្រាំ បាននិយាយថា អាមេរិក ចង់បានការការពារនៅមជ្ឈឹមបូព៌ា ហេតុនេះ ប្រទេសលោក នឹងបញ្ជូនកងទ័ពក្នុងចំនួនតូចបន្ថែមទៀត ទៅកាន់តំបន់នោះ។
ក្នុងនោះលោក ក៏បានបញ្ជាក់ផងដែរថា ឥឡូវនេះ លោកមិនគិតទេថា អ៊ីរ៉ង់ ចង់បើកការប្រយុទ្ធទ្បើយ ហើយពិតណាស់ ពួកគេ មិនមានបំណងចង់ធ្វើសង្គ្រាម ជាមួយអាមេរិកនោះទេ៕
មតិយោបល់