ព័ត៌មានអន្តរជាតិ

មន្ត្រីកំពូលកូរ៉េខាងជើង ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺមានគោលដៅតែចំពោះអាមេរិកប៉ុណ្ណោះ

កូរ៉េៈ ភាពតានតឹងនៅជុំវិញប្រទេសកូរ៉េខាងជើង កាន់តែខ្លាំងទ្បើង បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន ដែលបានដាក់ទីក្រុងព្យុងយ៉ាងថា ជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម នៅក្នុងបញ្ជីខ្មៅរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

មន្រ្តីកំពូលកូរ៉េខាងជើង លោក Ri Jong-hyok បាននិយាយថា ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង មិនបានកំណត់គោលដៅលើប្រទេសណាមួយទ្បើយ ក្រៅពីអាមេរិកតែប៉ុណ្ណោះ។

ដោយលោក Ri បានអះអាងថា «អាវុធនុយក្លេអ៊ែររបស់យើង គឺជាដាវនៃភាពយុត្តិធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងនុយក្លេអ៊ែររបស់អាមេរិក ហើយទ្វីបអាស៊ី ក៏ដូចជាប្រទេសដទៃទៀត នៅក្នុងពិភពលោក ក៏មិនចាំបាច់ត្រូវព្រួយបារម្ភ អំពីការគំរាមកំហែងរបស់យើងទ្បើយ ដរាបណាពួកគេមិនបានចូលរួម ក្នុងសកម្មភាពឈ្លានពាន និងការបង្កហេតុដាក់យើងនោះ»។

ក្នុងនោះលោក Ri ក៏បានបន្ថែមទៀតថា ទីក្រុងព្យុងយ៉ាង នឹងបង្កើនការប្រយុទ្ធប្រឆាំងនូវអ្វី ដែលពួកគេយល់ឃើញថា ជាគ្រោងការណ៍យុទ្ធសាស្ត្រសង្គ្រាមនុយក្លេអ៊ែរ និងទណ្ឌកម្មរបស់អាមេរិក។

សូមជំរាបថា វាជាការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់ប្រជាជនកូរ៉េ ដែលកូរ៉េខាងជើងគួរតែប្រឈមមុខ ជាមួយអាមេរិកដោយអាវុធនុយក្លេអ៊ែរ ដើម្បីទទួលបានតុល្យភាពនៃអំណាច៕

មតិយោបល់