ព័ត៌មានអន្តរជាតិ

ស្តេចអារ៉ាប៊ីសាអូឌីត រិះគន់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ថាជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់

អារ៉ាប៊ីសាអូឌីតៈ កាលពីថ្ងៃព្រហស្បតិ៍ ស្តេចអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Salman bin Abdulaziz Al Saud បានព្រមានថា ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងសមត្ថភាពមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ នឹងគំរាមកំហែងសន្តិសុខក្នុងតំបន់ រួមទាំងពិភពលោកផងដែរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

ព្រះអង្គ បានធ្វើការកត់សម្គាល់យ៉ាងដូចនេះ នៅឯកិច្ចប្រជុំកំពូលបន្ទាន់មួយ របស់ក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការឈូងសមុទ្រ ក្នុងទីក្រុងមេកា កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយលើកទ្បើងថា សកម្មភាពរបស់ក្រុងតេអេរ៉ង់ បានគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្មសមុទ្រ និងរំលោភលើសន្ធិសញ្ញា UN ស្ដីពីការផ្គត់ផ្គង់ប្រេងពិភពលោក។

ក្នុងនោះព្រះអង្គ បានប្រាប់កិច្ចប្រជុំកំពូលនេះថា ៖ «យើងនឹងធ្វើការរួមគ្នា ដើម្បីប្រឈមនឹងបញ្ហាទាំងអស់។ របបអ៊ីរ៉ង់ បានជ្រៀតជ្រែកកិច្ចការរបស់បណ្តាប្រទេសផ្សេងទៀត ជាមួយការបង្កើតកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ រួមទាំងការគំរាមកំហែង ដល់ការធ្វើដំណើររបស់នាវាចរអន្តរជាតិ»៕

មតិយោបល់