ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិអាមេរិកថា ចិនកំពុងគំរាមកំហែងដល់ស្ថិរភាពតំបន់អាស៊ី

អាមេរិក: រដ្ឋមន្ត្រីការពារជាតិអាមេរិក Patrick Shanahan កាលពីថ្ងៃសៅរ៍ បានស្នើឲ្យចិនត្រូវទទួលខុសត្រូវ ចំពោះសកម្មភាពអស្ថិរភាពជាច្រើននៅក្នុងទ្វីបអាស៊ី ដែលបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងសុន្ទរកថាដ៏ធំមួយ នៅចំពោះមុខប្រមុខការពារប្រទេស ក្នុងកិច្ចសន្ទនា Shangri-La ប្រចាំឆ្នាំនៅសិង្ហបុរី លោក Shanahan បានអំពាវនាវដល់សម្ព័ន្ធមិត្តអាស៊ី បង្កើនការចំណាយលើវិស័យសន្តិសុខជាតិរបស់ពួកគេ ហើយក៏បានសង្កត់ធ្ងន់ អំពីការប្តេជ្ញាចិត្តរបស់អាមេរិក នៅក្នុងតំបន់ផងដែរ។

យ៉ាងណាមិញការថ្លែងរបស់លោក មិនបានលើកទ្បើងចំឈ្មោះចិនជាក់លាក់ទេ នៅពេលនិយាយចោទប្រកាន់ «ប្រទេស» ដែលធ្វើឱ្យអស្ថិរភាពក្នុងតំបន់នោះ។

ដោយលោក Shanahan បានអះអាងថា «ទំនងជាការគំរាមកំហែងដ៏យូរអង្វែង និងធំបំផុត ចំពោះផលប្រយោជន៍សំខាន់ៗ របស់រដ្ឋនៅទូទាំងតំបន់អាស៊ី គឺកើតចេញពីប្រទេស (ចិន) ដែលព្យាយាមធ្វើឱ្យខូចខាតមូលដ្ឋានច្បាប់អន្តរជាតិ»៕

មតិយោបល់