ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនចំណាកស្រុកជាង ៤.៦៥០ នាក់ ត្រូវជួយសង្គ្រោះ និង ២៨ នាក់ទៀត ស្លាប់ពេលព្យាយាមមកកាន់ប្រទេសអ៊ីតាលី

អ៊ីតាលីៈ បើតាមឆ្មាំឆ្នេរសមុទ្រអ៊ីតាលី នៅថ្ងៃពុធនេះ បានឲ្យដឹងថា ជនចំណាកស្រុកច្រើនជាង ៤.៦៥០ នាក់ ត្រូវបានជួយសង្គ្រោះ និងសាកសព ២៨ នាក់ បានរកឃើញនៅក្នុងបេសកកម្មសង្គ្រោះជាង ៣០ លើកចេញពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦។

ប្រតិបត្តិការសង្គ្រោះរយៈពេល ៤៨ ម៉ោង ជនភៀសខ្លួនជាង ១០.០០០ នាក់ ត្រូវបានសង្គ្រោះ ដែលរហូត មកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនទ្បើងដល់ ៥០ នាក់ហើយ បន្ទាប់ពីទទួលរងអាកាសធាតុ បក់បោករុញទូករបស់ពួកគេចូលទៅក្នុងសមុទ្រ។

ក្នុងនោះដែរ កាប៉ាល់ចំនួន ១៣ មកពីឆ្មាំសមុទ្រកងទ័ពជើងទឹកអ៊ីតាលី និងអៀរឡង់ ព្រមទាំងនាវា អ្នកជំនួញឯកជន និងអង្គការសិទ្ធិមនុស្ស បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ។

គួរបញ្ជាក់ដែរថា យ៉ាងហោចណាស់ជនចំណាកស្រុក ១៤២.០០០ នាក់ បានចូលមកដល់ប្រទេសអ៊ីតាលី នៅក្នុងឆ្នាំនេះ និងប្រហែលជា ៣.១០០ នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ អំទ្បុងពេលធ្វើដំណើរនេះ ផងដែរ៕

some-4650-migrants-saved-28-die-trying-to-reach-italy

មតិយោបល់