អាមេរិកៈ មន្ដ្រីក្រសួងការបរទេសអាមេរិកម្នាក់ បានប្រាប់ភ្នាក់ងារ NDTV របស់ឥណ្ឌា កាលពីចុងខែឧសភាថា រដ្ឋាភិបាលក្រុងញូវដេលី ទំនងជាប្រឈមនឹងបញ្ហាស្រដៀងគ្នា នឹងប្រទេសតួកគីអំពីការទិញប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី ដោយសារកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យការពារជាតិប្រទេសទាំងពីរ នឹងត្រូវថយចុះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។
ដោយមើលឃើញពីទិដ្ឋភាពជាក់ស្ដែង អាមេរិក ទំនងជាព្យាយាមចង់បញ្ចុះបញ្ចូលឥណ្ឌា ឱ្យបោះបង់ចោលកិច្ចព្រមព្រៀង ជាមួយរុស្ស៊ី លើការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាស S-400 ហើយងាកមកទទួលការផ្ដល់ជូនយន្តហោះចម្បាំងប្រភេទ F-35 ជំនាន់ទីប្រាំបន្ថែមរបស់ពួកគេវិញ។
យ៉ាងណាមិញបើយោងតាមកាសែត ET បាននិយាយថា ក្រុមអ្នកដឹកនាំឧស្សាហកម្ម និងមន្រ្តីជាន់ខ្ពស់អាមេរិក បានទៅដល់ប្រទេសឥណ្ឌា មិនបានបញ្ជាក់ពីគោលបំណងជាក់លាក់ របស់ពួកគេនោះទេ។ គ្រាន់តែបានកត់សម្គាល់ថា ពុំឃើញមានការផ្តល់ជូន F-35 ជាផ្លូវការ ដែលត្រូវបានគេធ្វើឡើង នៅទីក្រុងញូវដេលី រហូតមកដល់ពេលនេះទេ។
ខណៈរបាយការណ៍ បានបង្ហាញផងដែរថា រដ្ឋាភិបាលឥណ្ឌា មិនដែលស្នើសុំទិញយន្តហោះចម្បាំង F-35 ពីអាមេរិកនោះទេ៕
មតិយោបល់