កូរ៉េៈ សេចក្តីថ្លែងការណ៍ថ្មីមួយ របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា កំពុងកើតជំងឺវង្វេងស្មារតី ដែលត្រូវការឲ្យមានថ្នាំ ដើម្បីព្យាបាលរោគផ្លូវចិត្តរបស់លោក និងថែមទាំងបានរិះគន់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោក ទៅកាន់តំបន់អាស៊ីនាពេលខាងមុខទៀតផង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ដដែល បានឲ្យដឹងថា លោកប្រធានាធិបតី ត្រាំ ចូលចិត្តបង្កសង្គ្រាម និងប្រើពាក្យសម្ដីវាយប្រហារគេ ដោយមិនទទួលខុសត្រូវ ដែលនេះជារោគសញ្ញានៃជំងឺសរសៃប្រសាទ ហើយត្រូវការថ្នាំរំងាប់អារម្មណ៍ ដើម្បីព្យាបាលផ្លូវចិត្តរបស់លោក។
សូមជំរាបថា ដំណើរទស្សនកិច្ចលោក ត្រាំ ទៅកាន់ទ្វីបអាស៊ី នឹងឆ្លងកាត់ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងហ្វីលីពីន ជាប្រទេសដែលរូបលោក មិនចង់ធ្វើដំណើរទស្សនកិច្ចនោះទេ ប៉ុន្តែលោកចាំបាច់ត្រូវមក ដោយសារវាជាស្នូលសំខាន់ សម្រាប់ដំណើរទស្សនកិច្ចលើកនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាជាមួយមេដឹកនាំជប៉ុន កូរ៉េខាងត្បូង និងចិន អំពីវិបត្តិដែលកំពុងកើតមាន នៅលើឧបទ្វីបកូរ៉េ ខណៈពុំទាន់មានសញ្ញានៃការបញ្ចប់ បន្ទាប់ពីភាពតានតឹងអស់រយៈពេលជិត ៧ ខែកន្លងមក៕
មតិយោបល់