ព័ត៌មានអន្តរជាតិ

កាន់តែកក្រើកនៅហ្វីលីពីន ខណៈលោក Duterte ចង់ប្រកាសដាក់ច្បាប់អាជ្ញាសឹក

ហ្វីលពីនៈ ប្រធានាធិបតីលោក Rodrigo Duterte បានព្រមាននៅថ្ងៃព្រហស្បតិ៍ថា ខ្លួនអាចនឹងដាក់ច្បាប់អាជ្ញាសឹក រួមទាំងព្យួរការបោះឆ្នោតក្នុងស្រុករាប់ម៉ឺនកន្លែង ដែលបង្កឲ្យមានការព្រួយបារម្ភ អំពីលទ្ធិប្រជាធិបតេយ្យ ស្ថិតនៅក្រោមការគ្រប់គ្រងអំណាចរបស់លោក។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧។

លោក Duterte បាននិយាយថា ខ្លួននឹងពិចារណាលើវិធានពីរ ជាផ្នែកមួយនៃយុទ្ធនាការចម្រូងចម្រាសរបស់លោក ដើម្បីលុបបំបាត់គ្រឿងញៀនខុសច្បាប់ នៅក្នុងសង្គម និងមួយទៀត គឺច្បាប់ជ្ញាសឹក សម្រាប់ជួយដោះស្រាយ ការគំរាមកំហែងផ្នែកសុវត្ថិភាពផ្សេងៗទៀត។

ថ្លែងក្នុងសន្និសីទទៅកាន់អ្នកកាសែត បន្ទាប់ពីវិលត្រឡប់ពីដំណើរទស្សនៈកិច្ចនៅប្រទេសថៃ លោក Duterte បានប្រាប់ថា « ប្រសិនបើខ្ញុំប្រកាសច្បាប់អាជ្ញាសឹកនេះ ខ្ញុំនឹងបញ្ចប់បញ្ហាទាំងអស់ មិនមែនគ្រាន់តែថ្នាំញៀន មួយមុខប៉ុណ្ណោះទេ»។

លោកបានបន្ថែមទៀតថា «ជាផ្នែកមួយនៃច្បាប់នេះ ខ្ញុំអាចបង្កើតតុលាការយោធា ដើម្បីប្រឆាំងនឹងករណីភេរវកម្ម ដោយនឹងអនុញ្ញាតឲ្យយោធា ចាត់ការអ្នក និងសម្លាប់អ្នក» ដែលន័យនេះ លោកចង់សំដៅទៅលើក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម នៅភាគខាងត្បូងប្រទេសនេះ។

គួរបញ្ជាក់ដែរថា ចាប់តាំងពីការឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំមុន និងបានឡើងកាន់តំណែង អស់រយៈពេល ០៩ខែកន្លងមក លោក Duterte តែងមានការប៉ះទង្គិចក្នុងការធ្វើសេចក្តីថ្លែងការណ៍ជាញឹកញាប់ ខណៈដែលលោកមានគោលបំណង ដើម្បីប្រើប្រាស់ច្បាប់គ្រប់គ្រងយោធា ក្រោមអំណាចរបស់ខ្លួន៕

មតិយោបល់