អាមេរិកៈ ប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃច័ន្ទថា ពួកគេបានបន្ថែមការប្រមូល ជាតិអ៊ុយរ៉ានីញ៉ូមឲ្យច្រើនជាងអ្វី ដែលច្បាប់អនុញ្ញាត ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយនឹងមហាអំណាចពិភពលោក ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា ក្រុងតេអេរ៉ង់ កំពុងប្រលែងលេងជាមួយភ្លើង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។
សេចក្តីប្រកាសរបស់អ៊ីរ៉ង់ បានធ្វើទ្បើងជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង រយៈពេលជាងមួយឆ្នាំមកហើយ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយថា ទង្វើនេះ មិនមែនជាការរំលោភលើកិច្ចព្រមព្រៀងនោះទេ ដោយអះអាងថា អ៊ីរ៉ង់កំពុងអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការឆ្លើយតប ចំពោះការដើរចេញរបស់អាមេរិក។
ទោះជាយ៉ាងនេះក្ដី ការប្រកាសមនេះ អាចមានផលវិបាកយ៉ាងធំធេង ចំពោះផ្នែកការទូត នៅពេលដែលបណ្ដាប្រទេសនៅអឺរ៉ុប កំពុងព្យាយាមទាញអាមេរិក និងអ៊ីរ៉ង់ ឲ្យត្រឡប់មកអនុវត្តកិច្ចព្រមព្រៀមដូចដើមវិញ បន្ទាប់ពីមានការប្រឈមមុខគ្នារវាងប្រទេសទាំងពីរកន្លងមក៕
មតិយោបល់