ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយប៉ះថ្វីដៃអ្នកផាត់មុខរូបនេះ តារាល្បីៗកាន់តែស្អាត មើលមិនចង់ស្គាល់

នៅពេលតារាល្បីណាម្នាក់ផាត់មុខបានស្អាត ត្រូវទម្រង់ម៉ូតសក់ និងត្រូវប្រភេទកម្មវិធី គេកាន់តែចាប់អារម្មណ៍ ចង់ដឹងពីអ្នកនៅពីក្រោយនៃភាពស្រស់ស្អាតទាំងនោះ។ អុីចឹងហើយ ទើបអ្នកផាត់មុខមួយរូប គឺ លោក រ៉ាឌី ត្រូវគេចាប់អារម្មណ៍ខ្លាំង នៅពេលដឹងថា លោកគឺជាអ្នកកាន់មុខអោយតារាមួយចំនួន ដូចជា តារាចម្រៀង សុខ ពិសី និង តារាសម្ដែង កញ្ញា ពៅ លីដា ជាដើម ដែលតារាទាំងនោះ អោយតែឆ្លងកាត់ការផាត់មុខ ដោយដៃលោកហើយ គឺប្លែកមិនធម្មតា។

នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ របស់សាលាផ្នែកសម្រស់ Mahas Home កាលពីថ្ងៃទី១ កក្កដា លោក ថា វណ្ណថន ហៅរ៉ាឌី បានអះអាង ក្នុងអាជីពជាអ្នកផាត់មុខ លោកទទួលបានប័ណ្ណសរសើរ ក្នុងការផាត់មុខស្អាតពីស្ថាប័នធំៗចំនួនច្រើនមកហើយ ដោយក្នុងនោះរួមមាន ពី Miss Global 2018 ពីទស្សនាវដ្ដីអាពាហ៍ពិពាហ៍ និង ពីក្រុមហ៑ុនរ៉េវ៉ាឡនជាដើម។ ក្នុងរយៈពេល៩ឆ្នាំមកនេះ លោកត្រូវបានអ្នកជំនាញផាត់មុខ ទទួលស្គាល់ស្នាដៃយ៉ាងខ្លាំង ទើបលោកមានឱកាសផាត់មុខ អោយតារាល្បីៗ ក្នុងស្ពតធំៗ ដែលក្នុងនោះ គឺកញ្ញា សុខ ពិសី កញ្ញា ពៅ លីដា កញ្ញា ផប់ រចនា កញ្ញា ម៉ៃយ៉ា និង កញ្ញា ហេង ស្រីពេជ្រ ជាដើម។

ក្រៅពីតារាទាំងនេះ លោកក៏បានផាត់មុខអោយតារាសិល្បៈរាប់មិនអស់ផ្សេងទៀតផងដែរ ខណៈដែលការផាត់មុខ អោយកូនក្រមុំ លោកទទួលបានមួយរោងពី៣០០ ទៅ៤០០ ក្នុងក្រុង និងតម្លៃច្រើនជាងនេះទ្វេរដង សម្រាប់ការចុះខេត្ត។ លោកត្រូវបានគេសរសើរថា ជាអ្នកផាត់មុខវ័យក្មេង ដែលពូកែផាត់មុខអោយចេញមុខប្លែកស្អាត និងធ្វើអោយទម្រង់មុខនារីដែលលោកអង្គុយច្នៃ ស្អាតត្រូវសំលៀកបំពាក់គួរអោយសរសើរ។ ក្នុងនោះ លោកក៏ត្រូវគេទទួលស្គាល់ថា ពូកែផាត់មុខមិនចាញ់ អ្នកជំនាញផាត់មុខជើងចាស់នោះផងដែរ។

លោក រ៉ាឌី បង្ហាញអារម្មណ៍មោទនភាព ដែលលោកទទួលបានការបណ្ដុះបណ្ដាលពីជំនាញផាត់មុខ ហើយក៏ក្លាយជាអ្នកផាត់មុខអាជីព ដែលមានការទទួលស្គាល់នៅក្នុងរយៈពេលចុងក្រោយ។ លោកកាន់តែសប្បាយចិត្តយ៉ាងខ្លាំង ដែលក្នុងពិធីផាត់មុខអោយកូនប្រមុំ ក្នុងព្រឹត្តិការណ៍បញ្ចេញស្នាដៃ របស់សាលា Mohas Home លោកទទួលបានការសរសើរ ដោយក្រៅពីទទួលបានប័ណ្ណសរសើរ ក៏ទទួលបានចាប់អារម្មណ៍ ពីជំនាញផាត់មុខរបស់លោកផង។

យ៉ាងណាមិញ លោកមិនមានគម្រោងបើកជាសាឡននោះទេ ដោយសារមិនសូវបានទំនេរ និងចេញផាត់មុខមិនសូវលោះ ទាំងការផាត់មុខអោយតារាសិល្បៈ អោយកូនក្រមុំក្នុងមង្គលការ និងផាត់មុខដល់ផ្ទះជូនដល់អតិថិជន។ លោកថា ការផាត់មុខគឺជាជំនាញដែលលោកស្រទ្បាញ់ពេញចិត្ត ចឹងហើយ ទើបលោកតស៊ូស្វែងយល់រហូតក្លាយជាអ្នកជំនាញម្នាក់ រហូតមានការទទួលស្គាល់៕

មតិយោបល់