អាមេរិកៈ ក្រុងវ៉ាស៊ីនតោន និយាយថា ខ្លួនកំពុងធ្វើការបង្កើតសម្ព័ន្ធភាពយោធា ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្ម នៅតាមឆ្នេរសមុទ្រអ៊ីរ៉ង់ និងយេម៉ែន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងតំបន់ បន្ទាប់ពីការវាយប្រហារ លើនាវាដឹកប្រេងក្នុងឈូងសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
ប្រធានអគ្គសេនាធិការចម្រុះអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ក្រោមសំណើនេះ យោធាពីប្រទេសចម្រុះ នឹងល្បាតដែនទឹកជាយុទ្ធសាស្ត្រ នៅក្នុងតំបន់ឈូងសមុទ្រ និងសមុទ្ររវាងឧបទ្វីបអារ៉ាប់ និងអាហ្វ្រិក។
ដោយឧត្តមសេនីយ៍ឯកកងកម្លាំងម៉ារីន លោក Joseph Dunford បាននិយាយថា «ឥឡូវនេះ យើងកំពុងចូលរួម ជាមួយបណ្តាប្រទេសជាច្រើន ដើម្បីមើលថា តើយើងអាចបង្កើតក្រុមចម្រុះមួយ ដើម្បីធានាបាននូវសេរីភាពនៃការធ្វើនាវាចរ ក្នុងដែនសមុទ្រ Hormuz និង Bab al-Mandab»។
ក្នុងនោះលោក Dunford បានបន្ថែមថា មន្ទីរបញ្ចកោណបានបង្កើតផែនការ ជាក់លាក់មួយ ដោយលោកជឿជាក់ថា ក្នុងរយៈពេលពីរសប្តាហ៍ ប្រទេសនានា នឹងមានឆន្ទៈចូលរួម ក្នុងកិច្ចប្រឹងប្រែងមួយនេះ៕
មតិយោបល់