ព័ត៌មានសិល្បៈ និងកម្សាន្ត

មិននឹកស្មាន វណ្ណា វត្តី ជួបរឿងអច្ឆរិយៈដល់ម្លឹង មុនពេលកាន់ពាន

ការប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា កាលពីថ្ងៃទី ៨ កក្កដា នៅប្រាសាទសំបូរព្រៃគុក តារាចម្រៀង កញ្ញា វត្តី ទទួលបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីតារាសម្ដែង កញ្ញា ភីយ៉ា ជាតារាដែលមានឈុតបុរាណ ស្រស់ស្អាត លេចធ្លោ និងត្រូវទម្រង់ដាច់គេ នៅក្នុងការប្រកួត។ យ៉ាងណាមិញ នៅពីក្រោយការទទួលបានចំណាត់ថ្នាក់របស់នាងនេះ នាងថា បានជួបរឿងរ៉ាវព្រឺរោម មិនធ្លាប់មាន នៅពីក្រោយខ្នង។

តារាចម្រៀង កញ្ញា វណ្ណា វត្តី បញ្ជាក់ក្រោយពេលកាន់ពាន បាន២ថ្ងៃថា នាងអត់បានដឹងថា គ្រួសារតារាកម្ពុជា មានរៀបចំការប្រកួតជាទ្រង់ទ្រាយធំ នៅក្នុងថ្ងៃនោះទាល់សោះ ដោយសារតែរវល់អត់ បានលេងហ្វេសប៑ុក។ នាងគ្រាន់តែដឹងថា គ្រួសារតារាកម្ពុជា ប្រកាសស្វែងរកតារាសិល្បៈ អោយទៅគ្រោងឈុតបុរាណ ដើម្បីលើកស្ទួយវប្បធម៌អបអរប្រាសាទសំបូរព្រៃគុក ចូលជាបេតិកភណ្ឌពិភពលោក បាន២ឆ្នាំ ហើយកញ្ញាក៏ចុះឈ្មោះ ចូលរួមក្នុងនាមជាអ្នកចង់គ្រងឈុតបុរាណ ហើយក៏ស្វះស្វែងរកអ្នកច្នៃម៉ូដអោយ ដើម្បីអោយមានឈុតប្លែកគេ អោយលេចធ្លោ។

នាងបានទាក់ទងស្វែងរកលោក អុី សុខជា ដែលជាអ្នកច្នៃម៉ូដឈុតបុរាណអោយកញ្ញា រំដួលលិចទឹក កន្លងមក ដើម្បីបានឈុតមួយដែលប្លែកគេ ព្រោះមិនចង់ជួលឈុតស្រាប់ៗ ដែលគេស្គាល់សុាំភ្នែក ហើយលោកអុី សុខជា ក៏ច្នៃឈុតព្រះនាងទេពអប្សារា ពាក់មកុដកំពូល៣ នៅជញ្ជាំងប្រាសាទបាយ័ន ដើម្បីអោយនាងបានគ្រង។ ក្នុងពេលទៅដល់ កញ្ញាចាប់ផ្ដើម ភ្ញាក់ព្រឺតនៅពេលដឹងថា កម្មវិធីមានការរៀបចំប្រឡងប្រកួតប្រជែង ហើយនាងក៏គិតភ្លាមថា អត់ចូលប្រកួតទេ ព្រោះដឹងថា ខ្លួនឯងមិនស្អាត បើប្រកួតពិតជាធ្លាក់ខ្មាស់គេ។ កញ្ញា និយាយថា “បើរឿងស្អាត ខ្ញុំដឹងតាចាញ់គេហើយ ចឹងខ្ញុំក៏ប្រាប់ម្ចាស់ឈុតថា អត់ចូលប្រកួតទេ គ្រាន់តែស្លៀកចូលរួមបានហើយ ប៉ុន្តែមានណា និយាយមិនទាន់ចប់ផង ស្រាប់តែមានវិញ្ញាណស្រីស្អាតម្នាក់ ចេញមកឃើញហើយព្រឺខ្លួនតែម្ដង មកសំកាំងនៅខាងមុខយើង គឺទាល់តែយើងនិយាយថា បើព្រះនាងទេពអប្សរា ពិតជាចង់អោយខ្ញុំប្រកួត សូមបាត់រូបទៅវិញចុះ ដើម្បីកុំអោយខ្ញុំខ្លាច ហើយក៏បាត់មែន ដល់ចឹងខ្ញុំក៏អុជធូប និយាយថា អុីចឹងសូមអោយថ្ងៃស្អែក(ថ្ងៃប្រទ្បង) សូមអោយឈុតនេះស្អាតៗៗ” ។

វណ្ណា វត្តី បន្តទាំងព្រឺរោមថា នៅពេលនាងឡើងបង្ហាញខ្លួន បានម្ដងនៅលើវេទិកា ក្នុងនាមជាបេក្ខនារីរួចហើយ កញ្ញាក៏រត់មកឡាន ហើយដោះមកុដ និងប្រាប់ខ្លួនឯងថា មិនឡើងលើឆាកទៀតទេ ដោយសារតែនាងយល់ថា ខ្លួនមិនស្អាតដល់ក្មេងៗ ដែលឡើងបង្ហាញខ្លួន នៅក្នុងថ្ងៃនោះ។ ប៉ុន្តែនៅមុនពេលគណកម្មការ តម្រូវអោយបេក្ខជនបេក្ខនារីឡើងលើឆាកជុំគ្នា ដើម្បីប្រកាសលទ្ធផលប្រុស៦ ស្រី៦ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្រាប់តែមានវិញ្ញាណដដែល មកប្រាប់អោយនាងឡើងឆាកតែម្ដង គឺមកទាំងស្រស់ៗ ហើយធ្វើកាយវិកាអោយនាង ពាក់មកុដចេញពីឡានទៅឆាកអោយលឿន ទើបនាងចេញពីឡានទៅឆាក ព្រោះខ្លាចម្ចាស់ឈុតប្រកាន់។ នាងស្ទើរមិនជឿភ្នែក នៅពេលគណកម្មការប្រកាសថា ឈុតរបស់នាង បានឡើងដល់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបានជាប់លេខ២នៅក្នុងកម្មវិធី។

វណ្ណា វត្តី នៅតែដក់ជាប់រូបភាពវិញ្ញាណឈុតមកប្រាប់ និងបង្ហាញខ្លួនស្រស់ៗ ដោយគ្រាន់តែនាងរំលឹកឡើងវិញ ក៏អះអាងថា ព្រឺរោមដែរ។ យ៉ាងណាមិញនាងថា នាងបានដឹងហើយ ថាកម្មវិធីប្រកួតឈុតបុរាណ របស់គ្រួសារតារាកម្ពុជា មិនមែនជាកម្មវិធីប្រកួតសម្រស់នោះទេ តែជាកម្មវិធីប្រកួតបុរាណ ដែលត្រូវទម្រង់ និងលេចធ្លោ។

គួរបញ្ជាក់ថា ឈុតរបស់កញ្ញា វណ្ណា វត្តី គឺជាឈុតព្រះនាងទេពអប្សរា ដែលមានចរឹក នៅជញ្ជាំងប្រាសាទបាយ័ន។ តួអង្គនេះ ជាអទិទេពធំជាងព្រះនាងអប្សរា និងមានមកុដកំពូល៣ ដូចប្រាសាទអង្គរវត្ត ដែលព្រះនាងអប្សរានានាមិនមាន។ ឈុតរបស់នាង ក៏ចាត់ទុកជាឈុតកម្រមួយ ព្រោះមកុដខុសគេ ក្នុងចំណោមបេក្ខនារី ដែលចូលប្រកួតផងដែរ៕

មតិយោបល់