អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានរិះគន់បេសកកម្មកងទ័ពជើងទឹកដឹកនាំ ដោយអាមេរិកនៅច្រកសមុទ្រ Hormuz ដោយនិយាយថា ការកសាងយោធារបស់ទីក្រុងវ៉ាស៊ីនតោន នៅតំបន់ឈូងសមុទ្រ គឺមានគោលបំណងបង្កើតការបែងចែក ក៏ដូចជាការដកហូតរតនសម្បត្តិ របស់បណ្តាប្រទេសក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃពុធលោក រ៉ូហានី បាននិយាយថា បណ្តាប្រទេសនៅឈូងសមុទ្រ អាចគ្រប់គ្រងសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ ហើយបានអំពាវនាវឱ្យមានសាមគ្គីភាព ដើម្បីធ្វើដូច្នេះ។
ដោយលោក បានលើកទ្បើងថា រាល់ការពិភាក្សាអំពីការបង្កើតសម្ព័ន្ធភាពថ្មីមួយ នៅឈូងសមុទ្រពែរ្ស រួមទាំងសមុទ្រអូម៉ង់ នឹងមិនអាចអនុវត្តបានទេ ព្រោះវានឹងមិនជួយដល់សន្តិសុខ ក្នុងតំបន់នោះទេ។ ហេតុដូចនេះ មិនចាំបាច់មានវត្តមានរបស់កងកម្លាំងបរទេស ដើម្បីផ្តល់សន្តិសុខនោះទេ។
ក្នុងនោះលោកបានបន្ថែមថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាសន្តិសុខតំបន់ ស្របជាមួយរដ្ឋជាប់ដែនទឹករបស់ខ្លួន ក៏បានធ្វើវាជាប្រវត្តិសាស្ត្រកន្លងមកផងដែរ»៕
មតិយោបល់