ស៊ីរីៈ ផ្សែងយ៉ាងច្រើនបានហុយទ្រលោមទ្បើងទៅលើមេឃ ខណៈដែលតួកគី បានធ្វើការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងឃឺដ នៅភាគឦសានប្រទេសស៊ីរី ដោយបានវាយឆ្មក់តាមអាកាស រួមទាំងបាញ់កាំភ្លើងធំ ក្នុងតំបន់នោះ ជាមួយការប្រយុទ្ធគ្នាយ៉ាងខ្លាំង បានធ្វើឱ្យជនស៊ីវិលភ័យស្លន់ស្លោ នៅតាមព្រំដែនទាំងសងខាង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។
មនុស្សរាប់ពាន់នាក់ នៅស៊ីរី បាននាំគ្នារត់គេចចេញពីការប៉ះទង្គិចគ្នានេះ ហើយបើយោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយលុករបស់យោធាតួកគី ប្រឆាំងនឹងពួកឃឺដ ដឹកនាំដោយកម្លាំង ប្រជាធិបតេយ្យស៊ីរី (SDF) សម្រាប់ថ្ងៃទីពីរនេះ នៅតែបន្តធ្វើទ្បើងយ៉ាងខ្លាំងក្លា។
រូបភាពដែលបានផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណេត បង្ហាញថា ប្រជាជនជាច្រើននាក់ បាននាំគ្នារត់ភៀសខ្លួន ជាមួយនឹងរបស់របរ ដែលដឹកតាមរថយន្ត និងអ្នកខ្លះទៀត បានរត់ដោយថ្មើរជើង។
ដោយទ្បែកទីភ្នាក់ងារជំនួយមនុស្សធម៌ បានព្រមានថា ប្រជាជនប្រមាណ ៤៥០,០០០ នាក់ ដែលរស់នៅក្នុងចម្ងាយ ៥ គីឡូម៉ែត្រពីព្រំដែន កំពុងមានហានិភ័យ ពីការប៉ះទង្គិចគ្នានេះ៕
មតិយោបល់