បរទេសៈ ខណៈកាន់តែមានភាពតានតឹង ដាក់គ្នាអស់រយៈពេលជាច្រើនខែ រវាងអាមេរិក និងកូរ៉េខាងជើងនោះ ស្រាប់តែមានរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា រដ្ឋបាលមហាអំណាច កំពុងរៀបគម្រោង វាយប្រហារកូរ៉េខាងជើង ដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់របបមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Daily Telegraph ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។
តាមរបាយការណ៍ បានលើកទ្បើងថា យោធាក្រុងវ៉ាស៊ីនតោន កំពុងត្រៀមវាយប្រហារក្រុងព្យុងយ៉ាង បន្ទាប់ពីប្រទេសនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ដ៏មានសមត្ថភាព កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ។
ប្រភពដដែល បានបន្ថែមថា ការវាយប្រហាររបស់អាមេរិក ទំនងជាសំដៅទៅលើការបំផ្លាញទីតាំងបាញ់មីស៊ីល ឬឃ្លាំងអាវុធ ក៏ដូចជាគ្រាប់មីស៊ីល របស់កូរ៉េខាងជើង។
ពាក់ព័ន្ធនឹងបញ្ហានេះ អតីតមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា គម្រោងនេះ អាចមានលក្ខណៈស្រដៀងគ្នាទៅនឹងអ្វីដែលបានធ្វើឡើងដោយកងកម្លាំងអាមេរិក ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាស Sha’irat នៅស៊ីរី កាលពីថ្ងៃទី៧ ខែមេសាកន្លងមក៕
មតិយោបល់